(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញថ្មី លោក ឃួង ស្រេង ថ្លែងប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងប្រឡាយស្ទឹងមានជ័យ ដែលត្រូវអភិវឌ្ឍន៍នោះថា ទោះបីធ្វើប្រឡាយថ្មីយ៉ាងណាក៏ដោយ ពលរដ្ឋដែលនៅតំបន់នោះមិនត្រូវផ្លាស់ប្ដូរទៅលំនៅទេ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញផ្ដល់ដីថ្មី កន្លែងចាស់តែម្ដង។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងឱកាសបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលសកម្មភាពកាយប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹកចេញពីតំបន់លិចលង់ដោយជំនន់ទឹកភ្លៀង។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការស្តារប្រឡាយស្ទឹងមានជ័យជាបណ្តោះអាសន្ននេះ វានឹងប៉ះពាល់ផ្ទះប្រជាពលរដ្ឋដែលសង់រំលោភលើប្រឡាយនេះ២ម៉ែត្រ ហើយលើបញ្ហានេះលោកបានស្នើសុំឲ្យប្រជាពលរដ្ឋយោគយល់។ ចំណែកអាជ្ញាធរវិញ លោក ឃួង ស្រេង ក៏បានស្មើឲ្យមានការថតរូប និងធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ ដោយលោកសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់នៅហ្នឹងកន្លែងតែម្តង ដោយវាស់វែងជាក់ស្តែង ព្រមទាំងផ្តល់កម្មសិទ្ធិស្របច្បាប់ផងដែរ។
អភិបាលរាជធានីភ្នំពេញ បន្ថែមថា ក្រោយពីទទួលបានដីធ្លីហើយ នៅពេលសាងសង់ប្រជាពលរដ្ឋត្រូវតែសុំច្បាប់ពីអាជ្ញាធរ ដោយមិនត្រូវបង់ប្រាក់ឡើយ សូម្បីតែពន្ធប្រថាប់ត្រា ហើយការងារនេះលោកសន្យាថា នឹងធ្វើឲ្យបានសម្រេច និងរួចរាល់នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ។
ចំពោះគម្រោងនេះ ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ពិតជាត្រេកអរយ៉ាងខ្លាំងដោយពួកគាត់អាចទទួលបានដីជាកម្មសិទ្ធិស្របច្បាប់ ក្រោយពីកាត់ទំហំប្រឡាយធ្វើផ្លូវតាមប្រឡាយនេះរួច៕