(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញថ្មី លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលសកម្មភាពកាយប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹកចេញពីតំបន់លិចលង់ដោយជំនន់ទឹកភ្លៀង។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យ មានប្រវែង១,៩០០ម៉ែត្រ និងមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយជំនន់ទឹកភ្លៀងចេញពីតំបន់ព្រលានយន្តហោះ ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ស្ទឹងមានជ័យ ដោយទំលាក់ទឹកទៅស្ថានីយ៍បឹងទំពុន។
មន្ត្រីរូបនេះក៏បានបញ្ជាក់ថា ប្រឡាយនេះនឹងស្ថាបនាឡើង ដោយបុកស៊ីផាយ មានទទឹងមាត់លើ១០ម៉ែត្រ ស្ថាបនាផ្លូវបេតុងសងខាងប្រឡាយម្ខាង៦ម៉ែត្រ និងម្ខាងទៀត២ម៉ែត្រ។ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅនឹងការអភិវឌ្ឍប្រឡាយនេះ មានចំនួនប្រមាណ១,០០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់ ក្រោយផលប៉ះពាល់ ហើយទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ខណៈចុះពិនិត្យមើលស្ថានភាពប្រឡាយស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃ២៧ ខែមិថុនាកន្លងទៅ លោក ឃួង ស្រេង បានជម្រុញឲ្យលោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាក់គ្រឿងចក្រជាបន្ទាន់ ដើម្បីកាយប្រឡាយស្ទឹងមានជ័យរំដោះទឹកចេញ។
ការស្តាប្រឡាយស្ទឹងមានជ័យជាបណ្តោះអាសន្ននេះ វានឹងប៉ះពាល់ផ្ទះប្រជាពលរដ្ឋដែលសង់រំលោភលើប្រឡាយនេះ២ម៉ែត្រ ហើយលើបញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញថ្មី បានស្នើសុំឲ្យប្រជាពលរដ្ឋយោគយល់។ ចំណែកអាជ្ញាធរវិញ លោក ឃួង ស្រេង ក៏បានស្មើឲ្យមានការថតរូប និងធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ ដោយលោកសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ម្នាក់ដីឡូមួយល្វែងនៅហ្នឹងកន្លែង ពោលគឺមួយគ្រួសារអាចទទួលបានដី១ឡូទំហំ ទទឹង៤ម៉ែត្រ បណ្តោយជាង១០ម៉ែត្រ និងផ្តល់កម្មសិទ្ធិស្របច្បាប់ផងដែរ។
ក្រោយពីទទួលបានដីធ្លីហើយ នៅពេលសាងសង់ប្រជាពលរដ្ឋត្រូវតែសុំច្បាប់ពីអាជ្ញាធរ ដោយមិនត្រូវបង់ប្រាក់ឡើយ សូម្បីតែពន្ធប្រថាប់ត្រា ហើយការងារនេះលោកសន្យាថា នឹងធ្វើឲ្យបានសម្រេចនិងរួចរាល់នៅមុន ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ។
ចំពោះគម្រោងនេះ ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ពិតជាត្រេកអរយ៉ាងខ្លាំងដោយពួកគាត់អាចទទួលបានដីជាកម្មសិទ្ធិស្របច្បាប់ ក្រោយពីកាត់ទំហំប្រឡាយធ្វើផ្លូវតាមប្រឡាយនេះរួច៕