(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ បានសព្វព្រះរាជហឬទ័យ យាងសាកសួរសុខទុក្ខ អំពីព្រះសុខភាពរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៉ិនប៉ិច នាមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បន្ទាប់ពីព្រះអង្គ មានបញ្ហាព្រះសុខភាព។ នេះបើយោងតាមការបញ្ជាក់របស់ Facebook ឈ្មោះ «Royal du Cambodge»។
ព័ត៌មានពីខ្សែរាជវង្សបានបញ្ជាក់ថា គិតមកត្រឹមល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថានភាពប្រឈួនរបស់សម្តេចក្រុមព្រះ មានភាពល្អប្រសើរច្រើន ហើយសម្តេចក្រុមព្រះ ក៏បានយាងចេញពីមន្ទីរពេទ្យត្រឡប់ទៅកាន់ព្រះដំណាក់របស់ព្រះអង្គវិញហើយ ក្រោយសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យជាង១អាទិត្យកន្លងមកនេះ។
សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានព្រះជន្ម៧៤ព្រះវស្សា ទ្រង់មានជំងឺទឹកនោមផ្អែម នេះបើតាមការបញ្ជាក់របស់មន្ត្រីបក្ស ហ៊្វុនស៉ិនប៉ិច៕