(ភ្នំពេញ)៖ ក្រុមយុវជន-យុវនារីខ្មែរ បានសម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលដ៏អស្ចារ្យ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡដ្ឋានស្ដង់ដាអន្ដរជាតិ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី៣០ ខែមិថុនា យុវជន នូ សីហា សិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានលើកឡើងថា ខ្លួនធ្លាប់បានចូលរួមពិធីសម្ពោធដំណាក់កាលទី១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីដើមខែមេសាកន្លងទៅ តែពុំធ្លាប់ចូលទស្សនាសមិទ្ធផលសាងសង់នេះឡើយ។
សីហា និយាយថា «ខ្ញុំមានការសប្បាយចិត្តខ្លាំងណាស់ នៅពេលបានមកទស្សនាផ្ទាល់ ដែលបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើន សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសយើង។ តាមរយៈភាពរីកចម្រើននេះ»។
រីឯយុវនារី ផាត់ ស្រីណែត ជាសិស្សវិទ្យាស្ថានជាតិអប់រំកាយដូចគ្នាបាននិយាយថា «ខ្ញុំសប្បាយចិត្ត ពិសេសពេលបានចូលមកកន្លែងបាល់បោះ ដែលជាកន្លែងខ្ញុំចូលចិត្ត…។ ខ្ញុំមើលទៅល្អមែនទែន ព្រោះមានទីធ្លារធំទូលាយ ស្រស់ស្អាត មានស្ដង់ដារ ខ្ញុំពិតជាមានមោទនភាពណាស់»។
ជាមួយគ្នានោះដែរ អ្នកគ្រូ ចែ បុប្ផា ដឹកនាំសិស្សវិទ្យាល័យស៊ីសុវត្ថិ ចូលរួមដំណើរទស្សនកិច្ចសិក្សាខាងលើបានថ្លែងថា «ដំណើរទស្សនកិច្ចនេះ ពិតជាមានអត្ថន័យមែនទែនសម្រាប់រូបខ្ញុំ និងកូនសិស្ស ព្រោះពួកខ្ញុំទាំងអស់ពុំដែលឃើញ អត់ដែលស្គាល់ថា ប្រទេសយើងមានស្ដាតថ្មីដ៏ស្រស់ស្អាតបែបនេះ។ ដល់ពេលឃើញចឹង ខ្ញុំមានអារម្មណ៍រំភើប ហើយចង់លេងកីឡា។ បន្ទាប់ពីនេះ ខ្ញុំនឹងនាំយកបទពិសោធន៍ និងអ្វីដែលខ្ញុំបានទស្សនាទៅផ្សព្វផ្សាយ ឲ្យសិស្សបានយល់បានដឹង អំពីពហុកីឡដ្ឋានដ៏អស្ចារ្យនេះ»។
ថ្លែងក្នុងឱកាសនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានលើកឡើងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបន្ដរៀបចំដំណើរទស្សនកិច្ចសិក្សាបែបនេះ មកកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យបានកាន់តែញឹកញាប់ ដើម្បីបំផុសអំពីវិស័យកីឡា និងការរីកចម្រើន ពិសេសគឺបង្ហាញពីសមិទ្ធផលដ៏ធំសម្បើម នៃពហុកីឡដ្ឋានត្រៀមទទួល ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣។ មិនតែប៉ុណ្ណោះ NOCC ក៏គ្រោងនាំសិស្សានុសិស្សតាមបណ្ដាខេត្ដ មកទស្សនកិច្ចនៅទីនោះផងដែរ។
សូមរំឮកថា ពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ការសាងសង់ដំណាក់កាលទី១ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមេសាកន្លងទៅ រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, មណ្ឌលស្នាក់នៅរបស់អត្តពលិក និងទីលានក្រៅសាលមួយចំនួន ហើយបច្ចុប្បន្នកំពុងសាងសង់ដំណាក់កាលទី២ គឺកីឡដ្ឋានបាល់ទាត់ដ៏ធំស្ដង់ដារអន្ដរជាតិ ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាប្រចាំតំបន់អាស៊ាន នាឆ្នាំ២០២៣៕