(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត បានបើកប្រតិបត្តិការបង្ក្រាបជនជាតិចិន៣៦នាក់ ដែលបានបង្កហិង្សាដល់ពលរដ្ឋខ្មែរ ហើយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់សាធារណៈ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមជនជាតិក្បាលខូចនេះ ធ្វើឡើងនៅវេលាម៉ោង០១៖៣០នាទីយប់ ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលតោពីរ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនជាតិចិនទាំង៣៦នាក់ ដែលបង្ក្រាបបាននេះ ស្នាក់នៅកាស៊ីណូ ជីងប៉ី ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ក្នុងនោះដកហូតបានដំបងឈើ០៤ដើម, បំពង់ទីបដែក០១ដើម និងដែកទីបបួនជ្រុង៣១ដើម។ បើតាមលោកស្នងការ មានជនរងគ្រោះ៣នាក់ហើយបានដាក់ពាក្យបណ្ដឹង ប៉ុន្ដែនៅមួយចំនួនទៀតមិនមកនោះទេ។
ជាមួយគ្នានេះ លោកឧត្តមសេនីយទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាលើកទី២ហើយ ក្នុងខេត្តខ្ញុំក្រុមក្បាលខូចវាចង់សាកល្បងកម្លាំង និងស្នងការថាយប់ថ្មើរនេះមានកម្លាំងទេ តែកម្លាំងស្នងការ និងកម្លាំងមូលដ្ឋានចេញទៅបង្រ្កាបទាន់ ម្លេះអាចមានបញ្ហាធំដោយប្រជាពលរដ្ឋយើងចោមរោមវាយ អាច វឹកវរ (ដោយមានការស្រែកលាបពណ៌ជាតិសាសន៍)។ ក្នុងនាមខ្ញុំស្នងការនគរបាលខេត្តព្រះសីហនុ សូមជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងខេត្តព្រះសីហនុទាំងអស់ កុំធ្វើអ្វីមួយឲ្យលើសពី ប្រពៃណី សីលធម៌ និងច្បាប់ របស់ប្រទេសយើងឲ្យសោះ»។
លោកបន្ថែមថា អាជ្ញាធរ និងសមត្តកិច្ចអ្នកអនុវត្តច្បាប់ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនហើយដោយអនុវត្តច្បាប់ដូចគ្នា ដូចក្នុងករណីនេះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវទៀតទៅលើទំនាស់ខាងលើនេះ តើផ្ដើមចេញពីហេតុការអ្វីខ្លះ បើមានការពាក់ព័ន្ឌដល់កម្រិតណា នឹងចាត់ការបន្តទៀតមិនឲ្យគេចខ្លួនបាននោះទេ។
ជាមួយប្រតិបត្តិការបង្ក្រាបជនជាតិចិនទាំងនោះ នៅយប់មិញនេះ កម្លាំងនគរបាលខេត្តព្រះសីហនុ ក៏បានបង្ក្រាបករណីគ្រឿងញៀនមួយលើកផងដែល នៅចំណុចនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ដោយចាប់បានជនសង្ស័យ៥នាក់ ក្នុងនោះទី១៖ឈ្មោះ អ៊ុង ពៅ ហៅម៉ៅ អាយុ២៣ឆ្នាំ, ទី២៖ឈ្មោះ ញុល វីណា ហៅប៊ី អាយុ២៧ឆ្នាំ, ទី៣៖ឈ្មោះ តេង ជិនតាន់ អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ ហេម ចាន់ដារ៉ា អាយុ២៥ឆ្នាំ, ទី៥៖ឈ្មោះ ផន ស៊ីវប៉ាវ អាយុ១៧ឆ្នាំ ដោយដកហូតបានថ្នាំញៀនមេតំហ្វេតាមីន១២កញ្ចប់ ,ទូរស័ព្ទដៃ៤គ្រឿង និងម៉ូតូ១គ្រឿងផងដែរ៕