(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ក្រុមអ្នកជំនាញក្រសួងមហាផ្ទៃ កំពុងពិនិត្យមើលផ្លូវច្បាប់ ជុំវិញសកម្មភាពនានារបស់ បន្ទប់ស្ថានការណ៍ មុននឹងមានចំណាត់ការណាមួយ។
ការអះអាងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលយុទ្ធការបង្ក្រាបគ្រឿងញៀនខុសច្បាប់លើកទី១ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្រុមអ្នកជំនាញក្រសួងមហាផ្ទៃ បានប្រជុំរយៈពេល២ថ្ងៃមកហើយ គឺថ្ងៃទី២៩ និង ៣០ ខែមិថុនានេះ ដើម្បីពិនិត្យមើលផ្លូវច្បាប់ មុននឹងមានចំណាត់ការលើបន្ទប់ស្ថានការណ៍ ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិល។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «យើងកំពុងឲ្យអ្នកជំនាញមើលទិដ្ឋាភាពច្បាប់ទាំងអស់ យើងមិនទាន់អាចនិយាយអ្វីកើត ដោយគ្មានមូលដ្ឋាន ឬទឡ្ហីករនោះទេ យើងមើលច្បាប់ទម្លាប់ ថាតើសកម្មភាពនោះ វាខុសច្បាប់ ឬស្របច្បាប់យ៉ាងម៉េច ហើយទើបយើងសម្រេចថា ត្រូវធ្វើយ៉ាងម៉េច។ យើងមិនទាន់បានរបាយការណ៍ ប៉ុន្តែខាងជំនាញរបស់ខ្ញុំ បានប្រជុំកាលពីម្សិលមិញ ហើយបន្តដល់ថ្ងៃនេះ»។
សូមបញ្ជាក់ថា ក្នុងកម្មវិធីរម្លឹកខួបលើកទី៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យក្រសួងមហាផ្ទៃ តាមដានសកម្មភាពរបស់ក្រុមមួយដែលហៅថា «បន្ទប់ស្ថានការណ៍» ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិលមួយចំនួន។ សម្តេចបានចាត់ទុកថា ក្រុមទាំងនោះបានធ្វើសកម្មភាព និងសេចក្តីថ្លែងការណ៍ ធ្វើឲ្យប៉ះពាល់ដល់រូបភាពការបោះឆ្នោតនៅកម្ពុជា។
ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនោះ បានធ្វើឡើង ក្រោយពេល បន្ទប់ស្ថានការណ៍បោះឆ្នោត ក្នុងនោះមានអង្គការសង្គមស៊ីវិលមួយចំនួន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ដោយវាយតម្លៃចុងក្រោយមួយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅកម្ពុជា មានភាពវិជ្ជមាន និងប្រសើរជាងមុន ប៉ុន្ដែមានភាពមិនប្រក្រតី ដូចជា បរិយាកាសគាប់សង្កត់ខាងនយោបាយហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះខាតសមធម៌ និងតម្លាភាព ការដាក់សម្ពាធដល់សេរីភាពបញ្ចេញមិត និងការគំរាមសកម្មភាពគណបក្ស ប្រកួតប្រជែងដែលទាំងនេះ ហើយនាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោត ស្ថិតក្នុងកំរិតរឹតត្បិតសេរីភាព។
សេចក្តីថ្លែងការណ៍របស់ បន្ទប់ស្ថានការណ៍ មានលក្ខណៈប្រហាក់ប្រហែលគ្នា នឹងសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងនៅកម្ពុជា ដែលបានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិ៤ មិនទាន់បានបំពេញលក្ខខណ្ឌពេញលេញ តាមគោលការណ៍ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ទោះជាយ៉ាងណា ក្រោយមានការប្រតិកម្មពីប្រមុខរាជរដ្ឋាភិបាលនេះ សេចក្តីរាយការណ៍មួយ បានបង្ហាញថា មេដឹកនាំអង្គការសមាគមមួយចំនួន ពាក់ព័ន្ធនឹងបន្ទប់ស្ថានការណ៍នេះ បាននិងកំពុងមានវត្តមាននៅក្រៅប្រទេស ខណៈមេដឹកនាំខ្លះទៀតបានបិទទូរស័ព្ទមិនឆ្លើយឆ្លងព័ត៌មាន ជាមួយអ្នកកាសែត៕