(ភ្នំពេញ)៖ ដោយស្វែងយល់ពីតម្រូវការ និងសារៈសំខាន់នៃការផ្គត់ផ្គង់ទឹកស្អាត ក្នុងចំណោមសហគមន៍មូលដ្ឋាន កាលពីថ្ងៃទី៣០មិថុនា ក្រុមហ៊ុនស៊ីម៉ងត៍កំពត ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធមួយរបស់ អេស ស៊ី ជី និងជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំជាងគេនៅកម្ពុជា បានរៀបចំពិធីសម្ពោធ បើកឲ្យប្រើប្រាស់អណ្តូងទឹកទី៥០ ដែលអណ្តូងទឹកទាំងអស់នេះ បម្រើជាប្រយោជន៍ដល់ប្រជាជនប្រមាណ ៦ម៉ឺននាក់ នៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពតជាមូលដ្ឋាន ដែលរោងចក្រស៊ីម៉ងត៍នេះបាននឹងកំពុងដំណើរការ ។
កម្មវិធីនេះ ចូលរួមដោយ លោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក ចាន់ ចេស្តា អភិបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន បុគ្គលិកក្រុមហ៊ុនស៊ីម៉ងត៍កំពត និង អេស ស៊ី ជី ក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានជាច្រើនរយនាក់ផងដែរ ។
លោករដ្ឋមន្ដ្រី ស៊ុយ សែម ក៏បានវាយតម្លៃខ្ពស់ ចំពោះការងារ ដែលក្រុមហ៊ុនស៊ីម៉ងត៍កំពត បានធ្វើ ជាពិសេសការរួមចំណែករបស់ក្រុមហ៊ុន ក្នុងសហគមន៍មូលដ្ឋាននៅខេត្តកំពត ។
លោក Somwang Manpimonchai អគ្គនាយកក្រុមហ៊ុនស៊ីម៉ងត៍កំពត និងជានាយកប្រចាំប្រទេសនៃក្រុមហ៊ុន អេស ស៊ី ជី បានថ្លែងផងដែរថា «គុណតម្លៃស្នូលមួយ របស់ក្រុមហ៊ុន អេស ស៊ី ជី គឺ ការយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវសង្គម ដូច្នេះក្រុមហ៊ុន បានប្តេជ្ញាចិត្តលើកកម្ពស់ជីវភាពរស់នៅ រាល់សហគមន៍ ដែលយើងធ្វើប្រតិបត្តិការ ។ នោះហើយ ជាមូលហេតុ ដែលយើងបានបង្កើតកម្មវិធីអភិវឌ្ឍសង្គមជាច្រើន សម្រាប់សហគមន៍រស់នៅ ជុំវិញរោងចក្រស៊ីម៉ងត៍កំពត ដូចជា កម្មវិធីក្រុមពេទ្យចល័ត កម្មវិធីអាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីសុបិន្ត ការសាងសង់ និងប្រគល់ផ្លូវសាធារណៈ ការបរិច្ចាគដណ្តូងទឹក និងការឧបត្ថម្ភគាំទ្រដល់វត្តអារាម ជាដើម សម្រាប់ការសាងសង់អណ្តូងទឹកនេះ យើងបានចាប់ផ្តើម តាំងពីឆ្នាំ២០១០មកម្ល៉េះ ដើម្បីជួយដោះស្រាយបញ្ហាកង្វះទឹក ក្នុងរដូវប្រាំង ហើយថ្ងៃនេះ យើងនឹងប្រគល់អណ្តូងទឹកទី៥០ ដល់សហគមន៍ ហើយយើងនឹងបន្តអនុវត្តកម្មវិធីនេះ ជាច្រើនឆ្នាំទៅអនាគតទៀត» ។
គួរកត់សម្គាល់ផងដែរថា ក្រៅពីការជួយសាងសង់អណ្តូងទឹកប្រើប្រាស់ សម្រាប់សហគមន៍មូលដ្ឋាន ក្រុមហ៊ុនស៊ីម៉ងត៍កំពត ក៏បានជួយបណ្តុះបណ្តាលប្រជាពលរដ្ឋ ឱ្យចេះសង់ពាងទឹកពីស៊ីម៉ងត៍ ដើម្បីរក្សាទុកទឹកភ្លៀងសម្រាប់ការប្រើប្រាស់ ហើយក្រុមការងារពីក្រុមហ៊ុនស៊ីម៉ងត៍កំពត បានចុះទៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្រៀនប្រជាជន ពីវិធីសង់ពាងទឹក ដែលអាចប្រើបានយូរ ហើយថែមទាំងឲ្យពួកគាត់នូវស៊ីម៉ងត៍ ដោយឥតគិតថ្លៃ ដើម្បីសង់ពាងទាំងនោះទៀតផង ។ ក្រុមហ៊ុន បានចំណាយថវិកាជិត៣ម៉ឺន៨ពាន់ដុល្លារ ដើម្បីសាងសង់អណ្តូងទឹកទាំង៥០នេះ នៅទូទាំងស្រុកបន្ទាយមាស និងស្រុកដងទង់ ដើម្បីជួយឲ្យប្រជាជនមានលទ្ធភាពខ្ពស់ ក្នុងការទទួលបានទឹកស្អាត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈរក្សាបាននូវកម្រិតទឹកក្រោមដីល្អប្រសើរផងដែរ ។
ចាប់តាំងពីបើកដំណើរការជាផ្លូវការក្នុងឆ្នាំ២០០៨មក រោងចក្រស៊ីម៉ង់ត៍កំពត ផលិតស៊ីម៉ងត៍មានគុណភាពខ្ពស់ប្រមាណ ២លានតោនជារៀងរាល់ឆ្នាំ ដើម្បីបំពេញតម្រូវការស៊ីម៉ងត៍របស់គម្រោងសាងសង់ជាច្រើននៅទូទាំងប្រទេសកម្ពុជា ។ រោងចក្រនេះ បង្កើតការងារសម្រាប់បុគ្គលិកអចិន្ត្រៃយ៍ប្រមាណ ៣០០នាក់ ដែលភាគច្រើនជាអ្នកមានស្រុកកំណើតនៅខេត្ដកំពតស្រាប់ ក៏ដូចជាបានបង្កើតការងារដោយមិនផ្ទាល់ជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ និងស្រុកជិតខាង តាមរយៈអ្នកផ្តល់សេវារាប់រយដែលទទួលការងារពីរោងចក្រស៊ីម៉ង់ត៍កំពតជាទៀងទាត់ ។
តាមរយៈក្រុមហ៊ុនមេរបស់ខ្លួន គឺ អេស ស៊ី ជី កម្មវិធីអភិវឌ្ឍសង្គមជាច្រើនត្រូវបានអនុវត្ត ហើយកម្មវិធីដ៏គួរឱ្យកត់សម្គាល់មួយ គឺ កម្មវិធីអាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីសុបិន្ត ដែលបានផ្តល់ឱកាសឲ្យសិស្សវិទ្យាល័យរាប់រយនាក់ ក្នុងខេត្តកំពត អាចបន្តការសិក្សាទៅមុខទៀតបាន ។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៦ កក្កដា ខាងមុខនេះ ការប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុម K-Cement Cambodia All Stars របស់កម្ពុជា និង SCG Muangthong United របស់ថៃ នឹងត្រូវរៀបចំឡើងដោយក្រុមហ៊ុន ក្រោមគោលបំណងលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា៕