(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់លិខិតស្នើទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចាត់វិធានការទប់ស្កាត់ការឃោសនារបស់មេខ្យល់ ឬក្រុមហ៊ុនមួយចំនួនលើស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ពាក់ព័ន្ធនឹងការនាំពលករខ្មែរទៅធ្វើការនៅបរទេស ដោយគ្មានច្បាប់អនុញ្ញាត ដោយសារពុំមានភាពស្មោះត្រង់ និងបានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់។
តាមលិខិតរបស់ក្រសួងការងារ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កន្លងមក ក្រសួងការងារបានពិនិត្យឃើញថា មានក្រុមហ៊ុន និងក្រុមជនខិលខូចមួយចំនួន បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ដោយយកការឃោសនាផ្សព្វផ្សាយព័ត៌មាន អំពីការជ្រើសរើសពលករខ្មែរទៅធ្វើការនៅបរទេស ពុំមានភាពស្មោះត្រង់ឡើយ និងបានធ្វើឲ្យប្រជាពលរដ្ឋ ពិសេសអ្នកនៅតាមខេត្តមួយចំនួនយល់ខុស និងចាញ់បោកមេខ្យល់ ឬក្រុមហ៊ុនមិនស្របច្បាប់ទាំងនោះ។
ក្រសួងការងារបានបន្តថា ដើម្បីធានាបាននូវការគ្រប់គ្រង និងការការពារពលករខ្មែរ ជៀសផុតពីចាញ់បោករបស់ជនខិលខូច ឬក្រុមហ៊ុនទាំងនោះ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៉ិត សំហេង បានស្នើដល់លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជួយចាត់វិធានការក្នុងការទប់ស្កាត់បន្ទាន់រាល់ការជួលម៉ោងផ្សាយ និងផ្សាយបន្តផ្ទាល់នៅតាមវិទ្យុរាជធានី-ខេត្តនានា អំពីការជ្រើសរើសពលករទៅធ្វើការនៅបរទេស ដែលគ្មានលិខិតអនុញ្ញាតចេញពីក្រសួងការងារ។
ខាងក្រោមនេះ ជាលិខិតស្នើទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន៖