(បាត់ដំបង)៖ ទេសរដ្ឋមន្ត្រី សេរី កុសល ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានឆ្លៀតពេលដ៏មមាញឹក ចុះមកសំណេះសំណាល សាកសួរសុខទុក្ខបុគ្គលិកអង្គការ Halo Trust និងកុមារាម្នាក់ រងគ្រោះដោយសារជាន់គ្រាប់មីន នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជួបកុមារារងគ្រោះម្នាក់ទៀត ដែលគ្រោះថ្នាក់ដោយសារទាហានថៃបាញ់ចំនួន៥គ្រាប់ ពេលដែលរូបគេចូលទឹកដីថៃ ដើម្បីដកផ្សិត។
ជនរងគ្រោះទាំង៣នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង រួមមាន៖
ទី១៖ ឈ្មោះ និត ជិន អាយុ៣៦ឆ្នាំ ជាបុគ្គលិកអង្គការ Halo Trust ដែលគ្រោះថ្នាក់ដោយសារមីន ក្នុងពេលបំពេញ បេសកម្មការងារ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ទី២៖ ឈ្មោះ ម៉ី សាម៉េត អាយុ១១ឆ្នាំ គ្រោះថ្នាក់ដោយសារលេងគ្រាប់មិនទាន់ផ្ទុះ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ទី៣៖ កុមារាអាយុ១៣ឆ្នាំ ត្រូវបានទាហានថៃបាញ់ចំនួន៥គ្រាប់ កាលពីថ្ងៃទី១៨ ខែមិថុនា ដោយសារតែរូបគេចូលទៅដកផ្សិតក្នុងទឹកដីថៃ នឹងបានពួនក្នុងព្រៃរយៈពេល៥ថ្ងៃ ទើបចេញពីព្រៃត្រូវបានជនជាតិថៃ ដឹកប្រគល់ជូននគរបាលកម្ពុជា ហើយត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ក្នុងការជួបសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី នាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំង២ តែងតែបារម្ភពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បាននាំយកនូវអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីកាត់បន្ថយការលំបាក របស់ពួកគាត់បានមួយគ្រាផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុមារា កុមារី បើបានឃើញគ្រាប់មីន ឬគ្រាប់បែកមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ និងត្រូវរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ដើម្បីស្រាយដោះ និងអំពាវនាវឲ្យប្រជាពលរដ្ឋ សូមកុំឆ្លងដែនទៅប្រទេសជិតខាងដោយខុសច្បាប់ នាំឲ្យជួបបញ្ហាផ្សេងៗ៕