(ភ្នំពេញ)៖ ក្រោយ Fresh News ចុះផ្សាយនូវអត្ថបទមួយដែលជារបស់មិត្តអ្នកអានអតីតនិស្សិតរៀននៅសាលាជាតិកសិកម្មកំពង់ចាម ធ្វើការរិះគន់ពីភាពមិនប្រក្រតីក្នុងការងារដឹកនាំរបស់នាយកសាលា ជាពិសេសករណីចម្ងល់របស់និស្សិតពេលប្រឡងមានមុខមនុស្សមិនដែលស្គាល់មុខ ស្គាល់ឈ្មោះ ហើយភាគច្រើនមានអាយុច្រើន ខ្លះជិត៥០ឆ្នាំ ខ្លះទៀតជាង៤០ឆ្នាំ មកចូលរួមប្រឡងរួចមក លោក សួន សេរី នាយកសាលាជាតិកសិកម្មកំពង់ចាម បានចេញមុខមកធ្វើការបំភ្លឺថាតាមពិតចម្ងល់របស់ អតីតនិស្សិតទាំងអស់នោះ កើតឡើងដោយសារតែពួកគាត់មិនយល់ពីក្រឹត្យក្រម និងនីតិវិធីបង្រៀន និងរៀននៅក្នុងសាលាតែប៉ុណ្ណោះ ហើយក៏មិនមានភាពមិនប្រក្រតីអ្វីដែរ។
លោកនាយកសាលាបានលើកឡើងថា ការបណ្តុះបណ្តាលនៅសាលាជាតិកសិកម្មកំពង់ចាមបានប្រព្រឹត្តទៅតាមនិយាមបច្ចេកទេស និងការគ្រប់គ្រងត្រឹមត្រូវដែលកន្លងមកមានការទទួលស្គាល់អំពីគុណភាពបណ្តុះបណ្តាលពីបណ្តាលភាគីពាក់ព័ន្ធទាំងអស់ ។លោកបានអះអាងថាការបណ្តុះបណ្តាលនៅសាលាជាតិកសិកម្មកំពង់ចាមមានពីរប្រភេទគឺថ្នាក់ពេញម៉ោងដែលបណ្តុះបណ្តាលពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (ដែលមានសិស្សទើបបញ្ចប់ការសិក្សានៅសាលាចំណេះទូទៅចូលរៀន) និងថ្នាក់បណ្តុះបណ្តាលបន្តថ្ងៃសៅរ៏ និងថ្ងៃអាទិត្យបានបង្កើតតាំងពីឆ្នាំ២០០០មកម្ល៉េះ (ភាគច្រើនជាមន្ត្រីរាជការវ័យចំណាស់ និងបុគ្គលិកក្រុមហ៊ុនមួយចំនួនមកធ្វើការសិក្សាយកសញ្ញាបត្របន្តលើសញ្ញាបត្រដែលគាត់មានស្រាប់) ដើម្បីបំពេញបានតាមសំណូមពរការងាររបស់គាត់។ ដូចនេះការលើកពីវ័យ និងការមិនដែលឃើញ ជាករណីមួយបណ្តាលមកពីគាត់ជាមន្រ្តីរាជការមានបំណងចង់បន្តការសិក្សា។ ឧទារហរណ៏ដូចជាឈ្មោះសុខុម អាយុ ៤៨ឆ្នាំ គាត់ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅស្រុកជើងព្រៃ គាត់មានបំណងមករៀនយកចំណេះទៅគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វរបស់គាត់តែប៉ុណ្ណោះ គាត់មករៀនមិនមែនដើម្បីសញ្ញាបត្រនោះទេ។
ករណីឈ្មោះរីណា អាយុ ២៤ឆ្នាំ គាត់ជានិស្សិតអាហារូបករណ៏រៀនពីថ្ងៃច័ន្ទដល់សុក្រ គាត់ជាប់ចូលបម្រើការងារនៅអង្គការមួយនៅខេត្តកំពង់ធំ នៅក្នុងអំឡុងឆមាសទី២ នៃឆ្នាំទី២ គាត់មិនអាចមកសិក្សាថ្ងៃធម្មតាបាន ដូចនេះគាត់សុំផ្ទេរការសិក្សាមកថ្ងៃសៅរ៏ អាទិត្យវិញចាប់ពីឆមាសទី២ នៃឆ្នាំទី២ ។ឈ្មោះសុផល មានអាយុ ៤៥ឆ្នាំ គាត់ជាមន្រ្តីនៃមន្ទីរជំនាញនៅខេត្ត ។ ឈ្មោះសុខុម អាយុ ៣៧ ឆ្នាំ ដោយស្ថានភាពក្រីក្រ ក្រោយពីប្រលងមធ្យមសិក្សាទុតិយភូមិរួច គាត់មិនមានលទ្ធភាពរៀនបន្តត្រូវធ្វើការងារដើម្បីចិញ្ចឹមជីវិត នៅក្នុងឆ្នាំ២០១៤ គាត់បានមកធ្វើការងារជាមន្រ្តីកិច្ចសន្យានៅសាលាជាតិកសិកម្មកំពង់ចាម ដោយមានបំណងសិក្សាជំនាញបន្ថែម គាត់បានសុំសាលាចូលបន្តការសិក្សា សាលាបានអនុញ្ញាតឲ្យបន្ត។
ដូចនេះករណីអាយុវាមិនមែនជារបាំងមិនអាចឲ្យពួកគាត់បន្តការសិក្សាបាននោះទេ ហើយករណីមិនដែលឃើញមករៀនដោយពេលវេលានៃការសិក្សាខុសគ្នាដូចនេះមិនមានការស្គាល់គ្នាអស់នោះទេ។ ធាតុពិតនៃការលើកឡើងនេះកើតឡើងមកពីការមិនយល់ពីប្រព័ន្ធការងារដែសាលាបានអនុវត្តកន្លងមកប៉ុណ្ណោះ។
ខាងក្រោមនេះ ជាអត្ថបទរបស់ Fresh News ដែលបានចុះផ្សាយកន្លងមកយោងតាមលិខិតមិត្តអ្នកអានដែលអតីតៈជានិស្សិតទើបប្រឡងចប់នៅសាលាជាតិកសិកម្មកំពង់ចាម ដែលមានខ្លឹមសារដូូចខាងក្រោម៖
(ចុចលើ link ដើម្បីអានអត្ថបទ) http://www.freshnewsasia.com/index.php/en/localnews/58623-2017-06-30-05-54-19.html