(ភ្នំពេញ)៖ តាមការគ្រោងទុក ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត (Emirates) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់ពិភពលោក នឹងបើកការហោះហើរជាលើកដំបូង មកកាន់កម្ពុជានៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ ជាមួយយន្តហោះប្រភេទ Boeing 777 ដែលមានថ្នាក់ពីរប្រភេទ គឺសម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class) និងសម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class)។
ការហោះហើរនេះ ធ្វើឲ្យ Emirates នឹងក្លាយជាក្រុមហ៊ុន អាកាសចរណ៍តែមួយគត់ ដែលប្រើយន្តហោះ Boeing 777 ទៀងទាត់ សម្រាប់អ្នកដំណើរឆ្ពោះ មកកាន់រាជធានីភ្នំពេញ។
សេវាហោះហើរថ្មីនេះ នឹងប្រតិបត្តិការជាមួយជើងហោះហើរលេខ EK 388 ដោយចាកចេញពីព្រលានយន្តហោះអន្តរជាតិ ទីក្រុងឌូបៃនៅម៉ោង០៩៖១៥នាទី ម៉ោងក្នុងស្រុក មកដល់យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង៥៖២៥នាទីល្ងាច។ បន្ទាប់មកវានឹងចេញពីទីក្រុងយ៉ាំងហ្គូន នៅម៉ោង៦៖៥៥នាទីល្ងាច មុនពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង០៩៖២១នាទីយប់។
ការហោះហើរត្រឡប់មកវិញ តាមជើងហោះហើរលេខ EK389 នឹងចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង ១១៖១០នាទីយប់ ហើយនឹងទៅដល់ទីក្រុងឌូបៃ នៅម៉ោង០៥៖៤០នាទីព្រឹក នៅថ្ងៃបន្ទាប់ក្រោយពីឈប់មួយភ្លែត នៅទីក្រុងយំាងហ្គូន។
សម្រាប់ការមកដល់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់កម្ពុជានេះ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែង សូមស្វាគមន៍គម្រោងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន សរសេរលើ Facebook យ៉ាងដូច្នេះថា «ប្រទេសកម្ពុជាយើង ចាប់តាំងពីទទួលបានសន្តិភាពមក គឺប្រជាពលរដ្ឋរស់នៅសុខសប្បាយ ហើយមានឱកាសគ្រប់ៗគ្នា។ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ គឺបានទាក់ទាញ វិនិយោគទុនជាតិ និងអន្តរជាតិយ៉ាងច្រើនមកបណ្តាក់ទុន។ កំណើនទេចរណ៍ ក៏កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រលាន យន្តហោះកម្ពុជា ក៏កំពុងរៀបចំពង្រីក និងកែលម្អបំពាក់ ដោយឧបករណ៍ទំនើបៗ ដែលបង្កលក្ខណៈកាន់តែងាយស្រួល ដល់អ្នកទេសចរ និងពាណិជ្ជករមកកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើន មកវិនិយោគនៅប្រទេសយើងទៀតផង។ កម្ពុជាសូមស្វាគមន៍ គម្រោងហោះហើរ នៃអាកាសចរណ៍ Air Emirates មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ!»។
សូមជម្រាបថា ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនអាកាសចរណ៍ដែលបម្រើសេវាកម្មល្អដាច់គេ ជាប់ចំណាត់ថ្នាក់លេខ៤ លើពិភពលោក ប្រចាំឆ្នាំ២០១៧។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ឌូបៃ បានអភិវឌ្ឍន៍ទៅជាក្រុមហ៊ុន ដែលមានយន្តហោះអាចធ្វើដំណើរបានយូរជាងគេលើពិភពលោក និងប្រើប្រាស់យន្តហោះ Airbus A380 ដែលមានទំហំធំ និងល្បឿនលឿន និងយន្តហោះ Boeing 777 ជាយន្តហោះដែលមានរូបរាងធំទូលាយ។
ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ប្រទេសម៉ាឡេស៊ី គឺក្រុមហ៊ុន Malindo Air នឹងចាប់ផ្ដើមដំណើរការជើងហោះហើរប្រចាំថ្ងៃពីទីក្រុងគូឡាឡាំពួរមកទីក្រុងភ្នំពេញផងដែរ៕