(ជាំងស៊ូ-ចិន)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ូ យ៉ៅទីង តំណាងក្រុមហ៊ុន Hodo នៅទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើទៅភាគីក្រុមហ៊ុនដ៏ធំមួយនេះ ពិនិត្យលទ្ធភាពវិនិយោគលើផ្នែកផលិតសំបកកង់រថយន្តនៅកម្ពុជា ព្រោះកម្ពុជាមានធនធានគ្រប់គ្រាន់ ពិសេសកម្ពុជាមានគោលនយោបាយស្វាគមន៍វិនិយោគចិន ខណៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងមានភាពជិតស្និទ្ធយ៉ាងស្អិតល្មួត។
កិច្ចពិភាក្សាខាងលើ ធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ដែលខណៈនោះ លោករដ្ឋមន្ត្រីបានអរគុណចំពោះក្រុមហ៊ុនដែលបានផ្តល់ការគាំទ្រ និងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងគោលដៅវិនិយោគបន្ថែមឱ្យបានចំនួន ៣៥០ក្រុមហ៊ុន និងជួយគាំទ្រអភិវឌ្ឍន៍វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន។ លោកក៏បានអំពាវនាវឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពវិនិយោគ លើការផលិតសំបកកង់រថយន្តពីក្រុមហ៊ុន Hodo នៅកម្ពុជាផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នូវកំណើនយានយន្តដ៏ច្រើននៅកម្ពុជា។
ឆ្លើយតបនឹងលោករដ្ឋមន្ត្រី តំណាងក្រុមហ៊ុន Hodo បានប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាតំបន់ដ៏ល្អ និងមានសក្តានុពលខ្ពស់សម្រាប់ក្រុមហ៊ុន ព្រោះក្រុមហ៊ុន Hodo បានយល់ឃើញថា ក្នុងបោះទុនវិនិយោគនៅប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេដែលល្អ មានលក្ខណៈអំណោយផលបំផុត ក្នុងការធ្វើការវិនិយោគ ដោយសារប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ មានធនធានគ្រប់គ្រាន់ មានលក្ខខណ្ឌល្អ ព្រមទាំងមានចំណងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា-ចិន។
ក្រុមហ៊ុនចិននៅខេត្តជាំងស៊ូ បានមកវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានរោងចក្រជាង១០០ និងកម្មករជិត២ម៉ឺននាក់ និងបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមិត្តភាពកម្ពុជា-ចិន ដែលកំពុងតែសាងសង់ជិតរួចរាល់ ក្នុងគោលបំណងជួយបណ្តុះបណ្តាលជំនាញ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល ហើយការបណ្តុះបណ្តាលនេះ មានការទទួលស្គាល់សមត្ថភាព និងស្តង់ដារអប់រំពី វិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi នៃខេត្តជាំងស៊ូ ដែលជាខេត្តដែលមានកំណើនសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។
លោកបណ្ឌិតសង្ឃឹមថា តាមរយៈជើងហោះហើរនេះ នឹងមានភ្ញៀវទេសចរណ៍ចិនកើនឡើង ១លាននាក់ក្នុងមួយឆ្នាំ ហើយលោកក៏បានអំពាវនាវឱ្យភាគីចិនជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរចិន មកកម្ពុជាឱ្យកាន់តែច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hodo គឺជាក្រុមហ៊ុនដ៏ធំប្រចាំនៅប្រទេសចិន ដែលមានប្រមាណ ៥០០សាខា ទូទាំងប្រទេសចិន ហើយក្រុមមានការប្រកបអាជីវកម្ម លើការកាត់ដេរសម្លៀកបំពាក់ អចលនវត្ថុ ការផលិតសំបកកង់ ការផលិតឱសថ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសចិន និងនៅតាមបណ្តាលប្រទេសនានា៕