(ភ្នំពេញ)៖ ក្រោយពីបានធ្វើការស្រាវជ្រាវរួចមក កម្លាំងនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាប និងឆែកឆេរឃ្លាំងចំនួន២ទីតាំង ដែលផ្ទុកទំនិញក្លែងក្លាយ៤ប្រភេទដូចជា៖ សាប៊ូលាងខ្លួន ទឹកស៊ីអ៊ីវ ចំនីត្រី និងចំនីជ្រូក នៅចំណុចក្រុម១ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ការចុះឆែកឆេរឃ្លាំងស្តុកទំនិញក្លែងក្លាយខាងលើនេះ ស្ថិតក្រោមការដឹកនាំពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីចុះឆែកឆេរ ដែលសង្ស័យឃ្លាំងផ្ទុះទំនិញក្លែងក្លាយប្រភេទសាប៊ូ និងទឹកស៊ីអ៊ីវ ចំនួន២ទីតាំងក្បែរគ្នា។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា កម្លាំងបានចុះត្រួតពិនិត្យឃ្លាំង និងផ្ទះល្បែងដែលស្តុកទំនិញ ដោយរកឃើញទាំង៤ប្រភេទ ក្លែងក្លាយតែម្ដង គីប្រភេទសាប៊ូលាងខ្លួន ទឹកស៊ីអ៊ីវ ចំនីត្រី និងចំនីជ្រូក។
សម្រាប់វត្ថុតាងទាំងនេះត្រូវបានកម្លាំងនគរបាល នាំយកទៅរក្សាទុក ដើម្បីចាត់ការបន្តទៀត៕