(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបើកសិក្ខាសាលាពិគ្រោះយោបល់មួយ ក្រោមប្រធានបទ «គន្លងថ្មីនៃកំណើនវិស័យកសិកម្មនៅប្រទេសកម្ពុជា» ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំកញ្ចប់ថវិកាវិស័យកសិកម្ម ឆ្នាំ២០១៨។
សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងមានការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ តំណាងសហគមន៍ដំណាំស្រូវ ដំណាំដំឡូងមី ដំណាំស្វាយ សហគមន៍ចិញ្ចឹមត្រី និងចិញ្ចឹមជ្រូក អ្នកសារព័ត៌មាន និងគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមួយចំនួន ដែលកំពុងផ្តល់ការបណ្តុះបណ្តាលលើជំនាញកសិកម្មផងដែរ។
គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ គឺធ្វើការពិភាក្សា និងពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធ អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជា ហើយរួមគ្នាកំណត់ និងសម្រួចអាទិភាពគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យបានច្បាស់លាស់ ដើម្បីជាធាតុចូលក្នុងការរៀបចំកញ្ចប់ថវិកាសម្រាប់វិស័យកសិកម្ម នៅឆ្នាំ២០១៨ ក៏ដូចជាថវិកាជាតិទាំងមូល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទាំងនៅក្នុងកម្រិតវិភាជន៍ និងទាំងនៅក្នុងកម្រិតប្រតិបត្តិការ៕