(ភ្នំពេញ)៖ តាមការគ្រោងទុកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ អ្នកទោសដែលកំពុងជាប់នៅពន្ធនាគារព្រៃស (ម១) ចំនួន១០០នាក់ នឹងត្រូវផ្ទេរចេញទៅដាក់នៅពន្ធនាគារ ម៤ ដែលទើបបង្កើតថ្មី នៅក្នុងទឹកដីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីសម្រួល និងកាត់បន្ថយចង្អៀតណែន ដោយសារអ្នកទោសច្រើនពេកនៅពន្ធនាគារព្រៃស។
ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ពិតជាមានការផ្ទេរអ្នកទោសចំនួន១០០នាក់ ចេញពីពន្ធនាគារ ម១ ទៅកាន់ពន្ធនាគារ ម៤ នៅស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ពិតមែន។
យ៉ាងណាក៏ដោយលោក ចាន់ គឹមសេង មិនទាន់អាចបញ្ជាក់ឲ្យលម្អិត ពីករណីនេះទេ ក៏ព្រោះតែដើម្បីការពារសុវត្ថិភាពអ្នកទោស នៅពេលធ្វើការដឹកជញ្ជូន ឆ្ពោះទៅពន្ធនាគារ ម៤។
សូមបញ្ជាក់ថា ភាពណែនចង្អៀតនៅក្នុងមន្ទីរឃុំឃាំងពន្ធនាគារព្រៃស ត្រូវបានមជ្ឈមដ្ឋានមួយចំនួន ក៏ដូចជា អ្នកធ្លាប់ជាប់ពន្ធនាគារ រិះគន់ថា បន្ទប់តូចចង្អៀត ប៉ុន្ដែដាក់អ្នកទោសច្រើន។ ជាក់ស្ដែងលោក យី សុខសាន្ដ មន្ដ្រីជាន់ខ្ពស់សមាគមអាដហុក ដែលត្រូវបានដោះលែងកាលពីម្សិលមិញ បាននិយាយថា បន្ទប់ដែលលោកជាប់ឃុំ គឺតូចចង្អៀតពោលទំហំ២០ម៉ែត្រការ៉េ ប៉ុន្ដែដាក់អ្នកទោសជាង២០នាក់។
យ៉ាងណាក៏ដោយ ការបង្កើតពន្ធនាគារ ម៤ នៅលើកទឹកដីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នោះ ត្រូវបានគេមើលឃើញថា នឹងចូលរួមចំណែកយ៉ាងខ្លាំង ដើម្បីលើកកម្ពស់ នៃការឃុំខ្លួនអ្នកទោស ដែលទទួលយកបានពីមជ្ឈមដ្ឋាននានា៕