(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ម្នាក់ជាប់ពាក់ព័ន្ធពីបទឆបោក និងម្នាក់ទៀត ពាក់ព័ន្ធនឹងករណីអំពើលួច (ឆក់ទូរសព្ទ័ដៃ) រួចបញ្ជូនខ្លួនទៅតុលាការ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការបន្តតាមច្បាប់។
លោក ប៊ុន សត្យា នាយការិយាល័យបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងរបស់ការិយាល័យ បានចុះអនុវត្តន៍ដីកាបង្គាប់ ឲ្យនាំខ្លួនលើកទី២ លេខ៣៥៤ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ របស់ លោក ស្វាយ តុញ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចក្នុងផ្សារស៊ិនជូរីផ្លាហ្សា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឆបោកប្រព្រឹត្ត កាលពីថ្ងៃ២០ ខែវិច្ឆកា ឆ្នាំ២០១៥។
មន្រ្តីនគរបាលបានបន្តថា ជនសង្ស័យឈ្នោះ សុខ ចិន្តា ភេទស្រី ជនជាតិខ្មែរ អាយុ៤៨ ឆ្នាំមានទីលំនៅផ្ទះលេខ១៥៥ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកករណីមួយទៀត កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (ឆក់ទូរសព្ទ័ដៃមួយគ្រឿង ម៉ាកណូតស៊្រី ពណ៌ស ស៊ីមកាតលេខ ០៩៣២៨៩៤៨៨) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវត្រសក់ផ្អែមកែងផ្លូវ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទេព ចន្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ចំណែកជនរងគ្រោះឈ្មោះ រុន វ៉ាន់ថា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក កន្លែងវាយកូនហ្គោល ស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូជាមធ្យោបាយធ្វើសកម្មភាពម៉ាកស៊ីរូស ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BN-២៦៨២ ទូរស័ព្ទដៃម៉ាកសាំសុងណូតស៊្រី ពណ៌ស ស៊ីមកាត លេខ០៩៣២៨៩៤៨៨ បានប្រគល់ជូនជនរងគ្រោះវិញ។
មន្រ្តីនគរបាលបានឲ្យដឹងទៀតថា តាមដំណើររឿង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១២៖១៥នាទី ជនរងគ្រោះកំពុងឈរ នៅចំណុចកើតហេតុខាងលើ និយាយទូរស័ព្ទជាមួយមិត្តភក្តិ ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ជិះ ម៉ូតូម៉ាកខាងលើ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច ហើយជិះមូតូគេចខ្លួនបានបន្តិច ស្រាប់តែមិត្តភក្តិជនរងគ្រោះបើករថយន្តមកដល់ ក៏បុកម៉ូតូជនសង្ស័យបណ្តាលឲ្យដួល ហើយប្រជាពលរដ្ឋដែលនៅជិត នោះក៏ចេញជួយចាប់ជនសង្ស័យ ពេលនោះកម្លាំងការិយាល័យ ដែលកំពុងល្បាតក្បែរនោះ ក៏ជួយអន្តគមន៍ឃាត់ខ្លួនជនសង្ស័យតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕