(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានជំរុញទៅដល់គណៈបញ្ជាការឯកភាពស្រុក ក្រុង និងមន្ទីរអង្គភាពនានាជុំវិញខេត្តត្រូវប្រើប្រាស់ ភ្នែកឲ្យបានច្រើនជាង ប្រើត្រចៀក ទើបអនុវត្តន៍ការងារទៅបានរលូន ចំគោលដៅ និងទទួលបានលទ្ធផលជោគជ័យ ផ្ទុយទៅវិញបើមិនដូច្នោះទេវាធ្វើ ឲ្យប៉ះពាល់សតិអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋ ដែលនាំឲ្យមានការថ្នាំងថ្នាក់ដល់ ថ្នាក់ដឹកនាំ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ម៉ៅ ធនិន បានជំរុញបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមិថុនា ដោយបានការចូលរួមពីគណៈបញ្ជាការឯកភាពស្រុក ក្រុងថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣សរុបប្រមាណ៩០នាក់។
បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុក ក្រុង និងបណ្តាមន្ទីរមួយចំនួនបានលើកឡើង ពីបញ្ហាប្រឈមដែលបង្កឡើង ដោយសកម្មជនដីធ្លីចំណាកស្រុក មករុករានកាប់ឆ្ការដីព្រៃរបស់រដ្ឋ និងដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិ នៅក្នុងស្រុក វាលវែង ស្រុកភ្នំក្រវាញ និងការចូលរួមបំពេញបន្ថែម របស់អនុប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តរួចមក លោក ម៉ៅ ធនិន បានដាក់ចំណាត់ការយ៉ាងម៉ឺងម៉ាត់ ចំពោះបទល្មើសព្រៃឈើ ជលផល ដែលសកម្មភាពទាំងអស់នេះតែងតែកើតមាន ដដែលៗ ហេតុនេះសូមឱ្យអាជ្ញាធរដែនដី មន្ត្រីជំនាញ និងស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវប្រើប្រាស់ភ្នែកឱ្យបាន ច្រើនជាងត្រចៀក ក្នុងការងារសហការចុះបង្ក្រាប និងរកមុខសញ្ញាសកម្មជនដីធ្លី ចំណាកស្រុកដែលចូលមកកាប់ បំផ្លាញព្រៃឈើ ព្រមទាំងនេសាទដោយខុសច្បាប់ ទៅតាមផ្លូវច្បាប់។
ចំពោះផ្លូវជាតិលេខ៥៥ និងផ្លូវផ្សេងៗនៅក្នុងខេត្ត ដាច់ខាតមិនឲ្យមានកុងត្រួលជជុះ ជាពិសេសនៅត្រង់ចំណុច អូរលាក់មាស ព្រំប្រទល់ស្រុក ភ្នំក្រវាញ និងស្រុកវាលវែង ត្រូវរុះរើចោលជាបន្ទាន់។ មន្ត្រីបរិស្ថាន និងមន្ត្រីព្រៃឈើ មិនអនុញ្ញាតិឲ្យឈរតាមដងផ្លូវចាំតែយកលុយនោះទេ គឺចុះធ្វើសកម្មភាពសិក្សា ស្រាវជ្រាវរកជនល្មើស ប៉ុន្តែហាមដាច់ខាតកុំលូកដៃកុំចូលរួមជាមួយជនល្មើស។
លោក ម៉ៅ ធនិន បានបនែ្ថថា កន្លងមកមានសមត្ថកិច្ចមួយចំនួន ក្នុងនោះក៏មានអ្នកសារព័ត៌មានផងដែរ បានចុះមកធ្វើ សកម្មភាព ទាំងនៅបឹងទន្លេសាប ស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ក៏ប៉ុន្តែពុំមានលិខិតបេសកកម្មនិងមិនបាន ឆ្លងកាត់មូលដ្ឋានធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ មិនពេញចិត្តមន្ត្រីទាំងនោះ ហេតុនេះសូមឱ្យមន្ត្រីជំនាញ ដែលមានការពាក់ព័ន្ធធ្វើយ៉ាងណាចាត់វិធាន ការបង្ការទប់ស្កាត់ឲ្យខាងតែបាន។
ពាក់ព័ន្ធទៅនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពលោកបានដាក់បញ្ជាទៅដល់កងកម្លាំងប្រដាប់ អាវុធទាំង៣ ត្រូវលុបបំបាត់ទាំងស្រុង នូវការបង្កើតបន់ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ព្រោះវាបង្កឲ្យមានបញ្ហាអសន្តិសុខ ក្នុងមូលដ្ឋានដូចជា ករណីលួច ប្លន់ និងឃាតកម្មជាដើម។
លោក ម៉ៅធនិន បានសម្តែងការកោតសរសើរ ដល់អាជ្ញាធរ ដែនដី កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលបានខិតខំប្រឹងប្រែង បំពេញការងារទទួលបានជោគជ័យ ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលថ្មីៗនេះ បានដំណើរការទៅដោយរលូន និងមានតម្លាភាព។ នៅព្រឹកថ្ងៃដដែល បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួចមក លោក ម៉ៅ ធនិន បានបន្តជួបពិភាក្សាការងារជាមួយក្រុមការងារនិងថ្នាក់ដឹកនាំ មកពីខេត្តកំពង់ចាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជុំវិញដែលខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា បើផ្នែកទៅតាមលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤សម្រាប់ ខេត្តពោធិ៍សាត់ ឃើញថាទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស ដែលបានតំណែងមេឃុំ និងចៅសង្កាត់ទាំង ៤៩ឃុំ-សង្កាត់ គ្មានធ្លាក់លើ គណបក្សសង្គ្រោះជាតិឡើយ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន២៥១អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន៩២អាសនៈ។ តែទោះជាយ៉ាងនេះក៏ដោយ ត្រូវពួតដៃគ្នាប្រឹងប្រែងថែមទៀត នោះប្រាកដជានឹងទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរនៅក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨៕