(ពោធិ៍សាត់)៖ លោក លោក សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ខូយ រីដា អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានចូលរួមដាំកូនឈើចម្រុះចំនួន៧ពាន់ដើម នៅទីតាំងសហគមន៍តំបន់ការពារធម្មជាតិនៃរមណីដ្ឋាន ទឹកធ្លាក់ច្រកល្អៀង ក្រោមប្រធានបទ «ផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ» ក្នុងពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានលើកឡើងថា ទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥មិថុនា ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅតាមទីកន្លែងផ្សេងៗគ្នា។ ជាក់ស្តែងឆ្នាំនេះ មន្ទីរបរិស្ថានខេត្ត សហការជាមួយ អាជ្ញាធរដែនដី និងមានការជួយឧបត្ថម្ភពីអង្គការជាដៃគូ និងសប្បុរសជននានា បានជ្រើសរើសយកទីតាំងសហគមន៍ តំបន់ការពារធម្មជាតិ នៃរមណីដ្ឋានទឹកធ្លាក់ច្រៀកល្អៀង សម្រាប់ប្រារព្ធពិធីនេះឡើង ក្រោមប្រធានបទ «ផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ» ក្នុងគោលបំណងកែប្រែផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋ ឱ្យស្រឡាញ់ បរិស្ថាន មានស្មារតីចូលរួមក្នុងកិច្ចគាំពារអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព។
លោក ប៉ាន់ មរកត បានឲ្យដឹងថា ខេត្តពោធិ៍សាត់ មានតំបន់ការពារធម្មជាតិចំនួន៣កន្លែង ចាប់តាំងពីឆ្នាំ១៩៩៣ គ្រប់គ្រងដោយក្រសួងបរិស្ថាន គឺដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើន យ៉ាងបឹងទន្លេសាប ដែលមានផ្ទៃដីសរុប៣៩៦,៥២១ហិកតា និងនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើតតំបន់ ការពារធម្មជាតិ រួមមានឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះ ជួរភ្នំក្រវាញ ដែលមានផ្ទៃដី១៧៥,៧៧៦ហិកតា ក្រៅពីនោះនៅមានតំបន់ការពារធម្មជាតិ១២សហគមន៍ មានផ្ទៃដីជាង៨៣ពាន់ហិកតា ក្នុងនោះក៏មានសហគមន៍ នៃរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀងផងដែរ។
ក្នុងឱកាសនោះលោក ខូយ រីដា អភិបាលរងខេត្ត និងលោក សូ ខនឬទ្ធីគុណ បានថ្លែងថា រាជរដ្ឋាភិបាលកោម្ពុជា បានកំណត់ភារកិច្ចទទួលខុសត្រូវ ការការពារ និងអភិរក្សធនធានធម្មជាតិមាន២ស្ថាប័ន គឺក្រសួងបរិស្ថានទទួលការអភិរក្ស លើផ្ទៃដីប្រមាណ៧លានហិកតា និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ទទួលភារកិច្ចលើការងារអភិវឌ្ឍដីសម្បទាន សេដ្ឋកិច្ច៧៣កន្លែង។
លោកទាំង២ បានបន្តថា ដោយសារភាពរឹងមាំរបស់សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ដែលមានទីតាំង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរចំនួន១២ភូមិ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះ ក្រសួងបរិស្ថានបានសម្រេច ផ្តល់ដីបន្ថែមចំនួន៥១០ហិកតា កាលពីខែកុម្ភះ ឆ្នាំ២០១៧ ដែលពីមុនមានតែ១៥០ហិកតាប៉ុណ្ណោះ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន បាននឹងកំពុងធ្វើប្រតិភូកម្មភារកិច្ច ទទួលខុសត្រូវតំបន់ការពារធម្មជាតិ លើកកម្ពស់ជីវភាពសហគមន៍ដែលរស់នៅក្បែតំបន់ការពារ តាមរយៈការកែច្នៃផលអនុផលព្រៃឈើ កសិកម្ម សេវាទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកកាត់បន្ថយសម្ពាធ ទៅលើប្រើប្រាស់ធនធានធម្មជាតិ ការបរបាញ់ និងការកាប់ឈើជាដើម។
លោក ខូយ រីដា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ថវិកាពិសេស ១ពាន់លានរៀល សម្រាប់គម្រោង សាកល្បងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ និងមាន៤ខេត្ត អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានកំពុងរៀបចំចងក្រង ផែនការសកម្មភាព អភិវឌ្ឍទេសចរណ៍ធម្មជាតិឆ្នាំ២០១៨-២០២០។
ដើម្បីជាការអបអរសាទរ ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ផ្សារភ្ជាប់ទំនាក់ទំនង រវាងមនុស្ស និងធម្មជាតិ» បានចូលរួមចែក និងដាំកូនឈើចម្រុះ ក្នុងនោះក៏មានកូនឈើហូបផ្លែផងដែរចំនួន៧ពាន់ដើម នៅក្នុងបរិវេណរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង និងតាមដងផ្លូវ ព្រមទាំងបោះបង្គោលព្រំប្រទល់ ដីព្រៃសហគមន៍ផងដែរ៕