(រតនគិរី)៖ លោក ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះថ្លែងអំណរគុណបងប្អូនជនជាតិចារ៉ាយ នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីពេលកន្លងទៅនេះ ដែលនាំឲ្យគណបក្ស ប្រជាជន អាចកាន់កាប់តំណែងជាមេឃុំ-ចៅសង្កាត់ នៅខេត្តភាគឥសានមួយនេះ បានស្ទើរ១០០ភាគរយ។
នៅក្នុងពិធីនេះក៏មានការចូលរួមពីលោកវរសេនីយ៍ឯក នូវ ដារ៉ា ក្រុមការងារគណបក្សខេត្ត និងជាអនុប្រធានគណៈពង្រឹងឃុំប៉ក់ញ៉ៃ លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ រួមនិងសមាជិក គណបក្សប្រជាជន ស្រុកអូរយ៉ាដាវ ជាច្រើនរូបផងដែរ។
លោក ម៉ា វិចិត្រ ជំនួសមុខឲ្យគណៈកម្មាធិការបក្សស្រុក កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណ ចំពោះក្រុមការងារថ្នាក់ខេត្ត
តែងតែ ចុះជួយផ្ទាល់ក្នុងមូលដ្ឋានកន្លងមក។
លោក ម៉ា វិចិត្រ បានបន្តថា ជាក់ស្តែងថ្ងៃនេះ បងប្អូនឆ្លៀតពេលពីការងារមមាញឹក បង្កបង្កើនផល ដាំដំណាំមកចូលរួមជាមួយ ក្រុមការងារចុះមកថ្លែងអំណរគុណ ដល់ខ្នងផ្ទះតែម្តង ដែលនេះសបញ្ជាក់ឲ្យឃើញថា មានតែ CPP ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមសុខរួមទុក្ខជាមួយបងប្អូន គ្រប់កាលៈទេសៈ ពោលគឺមិនសន្យាខ្យល់ គឺបានកសាងសមិទ្ធផលជាច្រើន ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ភ្លើងអគ្គិសនីជាដើម។
លោក សេវ កុម តំណាងជនជាតិចារ៉ាយ ដែលចូលរួមបានរៀបរាប់ឲ្យដឹងថា ពួកគាត់មានទឹកចិត្តសប្បាយរីករាយបោះឆ្នោតជូន CPP ព្រោះថា ប្រទេសជាតិមានសន្តិភាព មានការរីកចំរើន ក្រោមការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខហើយពួកគាត់សន្យាថា និងបោះឆ្នោតជូននៅឆ្នាំ២០១៨ ខាងមុខទៀត។
ថ្លែងក្នុងពិធីអំណរគុណម្ចាស់ឆ្នោតខាងលើនេះ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានថ្លែងថា «ប្រទេសជាតិមានសុខសន្តិភាព មានការរីកចំរើនសព្វថ្ងៃនេះ ដោយសារ៧មករា CPP ដូច្នេះយើងត្រូវតែជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលសមិទ្ធផលជាច្រើន មានតាំងពីទីក្រុងរហូតដល់ជនបទ ដែលពីដូនតា មកបងប្អូនជនជាតិចារ៉ាយយើង គ្មានដូចជាផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ភ្លើងអគ្គិសនី កង់ ម៉ូតូ និងរថយន្ត»។
លោក ប៊ូ ឡាំ បានបញ្ជាក់ថា មានតែ CPP ទេ ដែលស្រោចស្រង់ប្រទេសជាតិ ឲ្យមានសន្តិភាព មានការអភិវឌ្ឍរួមសុខទុក្ខ ជាមួយបងប្អូន ដែលមិនរត់ចោលស្រុក ដើរសន្យាខ្យល់ មូលបង្កាច់បង្ខូចកិត្តិយសគេ។
ចុងបញ្ចប់កម្មវិធី ចុះថ្លែងអំណរគុណម្ចាស់ឆ្នោតនេះ ក្រុមការងារ CPP ខេត្តរតនគិរី បានរៀបចំបាយសាមគ្គី ក្នុងបរិយាកាសសប្បាយរីករាយ ដែលសកម្មភាពនេះសបញ្ជាក់ឲ្យឃើញពីភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ CPP ផ្សារភ្ជាប់ជាមួយបងប្អូនជនជាតិចារ៉ាយគ្រប់កាលៈទេសៈ៕