(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយស្រុកលើកដែកខេត្តកណ្តាល បានថ្លែងអំណរគុណជាថ្មីទៀត ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការ គណបក្សប្រជាជនស្រុកលើកដែក ដែលជានិច្ចកាល តែងគាំទ្របក្ស និងការពារបក្ស ព្រមទាំងបោះឆ្នោតជូនបក្ស ឲ្យទទួលបានជោគជ័យ។
លោកស្រីថ្លែងបែបនេះ ក្នុងការជួបជុំមួយ រវាងក្រុមការងារ និងថ្នាក់ដឹកនាំបក្ស សមាជិកបក្សប្រជាជន ស្រុកលើកដែក ក្នុងពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជន នៅថ្ងៃទី៣០មិថុនានេះ ។
លោកស្រី ក៏បានក្រើនរំលឹក ថ្នាក់ដឹកនាំ សមាជិកបក្សប្រជាជនស្រុកលើកដែក ឲ្យសាមគ្គីគ្នា ជួយយកអាសារគ្នាទៅវិញទៅមក ដើម្បីភាពសុខដុំរមនានៃគ្រួសារគណបក្សប្រជាជន។ ហើយលោកស្រី រំលឹកការចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
លោកបន្ដថា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ ត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយ ប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូ ហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនឆ្លើយតបទាំងស្រុង ទៅនឹងបំណង់ប្រាថ្នារបស់ប្រជាជន គឺប្រមូលផ្ដុំកម្លាំងប្រជាជាតិខ្មែរទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូងរដ្ឋធមនុញ្ញ នៃកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិឲ្យបានសម្បូររុងរឿង និងស្ថិតស្ថេរគង់វង្ស។
ទន្ទឹមនឹងនោះ លោកស្រី ឃួន សុដារី ឲ្យក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ឲ្យបានល្អ ទាំងការងារភូមិឃុំមានសុវត្ថិភាព ការអភិវឌ្ឍន៍មូលដ្ឋាន និងការសំរួលសេវាផ្សេងៗ ដោយត្រូវជាសវាងឲ្យបាន កុំឲ្យកើតមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងពិធីនេះ លោកស្រី ឃួន សុដារី ក៏បានផ្សព្វផ្សាយសុន្ទរកថា សម្តេចតេជោប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ធិញអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា ផងដែរ៕