(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ រយៈពេលកន្លះថ្ងៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ បានសម្រេចច្រានចោលនូវ បណ្តឹងរបស់មេធាវី ដែលស្នើដាក់ មោឃភាពសាលក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោស លោក មាជ សុវណ្ណារ៉ា និងសកម្មជន CNRP ១០នាក់ ដោយគ្មានមេធាវី នាពេលកន្លងទៅ។
តាមការគ្រោងទុក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ ត្រូវបើកសវនាការជំនុំជម្រះរឿងក្តីចំនួន២ករណី ពាក់ព័ន្ធនឹង លោក មាជ សុវណ្ណារ៉ា និង សកម្មជនគណបក្សប្រឆាំង ចំនួន១០នាក់ទៀត។ ក្នុងនោះមានករណី ប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោស លោក មាជ សុវណ្ណរ៉ា និងសកម្មជន CNRP ១១នាក់ ឱ្យជាប់ពន្ធនាគារពី ៧ឆ្នាំ ដល់២០ឆ្នាំ និងសំណុំរឿង មេធាវីប្តឹងចំពោះការកាត់ក្តីរបស់ សាលាដំបូងរាជធានីភ្នំពេញ ទៅលើពួកគាត់ ដោយមិនមានមេធាវី កន្លងទៅ។
លោក ជួង ជូងី មេធាវីការពារក្តី លោក មាជ សុវណ្ណារ៉ា បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍ បានជ្រើសរើស យកករណីមេធាវីប្តឹងចំពោះការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើពួកគាត់ ដោយមិនមានមេធាវី តែមួយប៉ុណ្ណោះ យកមកជំនុំជម្រះ ឯរឿងក្តីមួយទៀត ត្រូវបានលើកពេលដោយពុំមានពេលវេលាគ្រប់គ្រាន់។
លោកបានបញ្ជាក់ថា បន្ទាប់ពីសវនាការ សាលាឧទ្ធរណ៍ បានសម្រេចថា ពាក្យបណ្តឹងរបស់មេធាវី ដែលប្តឹងឱ្យដាក់មោឃភាពសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែកាត់ក្តីមិនមានមេធាវីនោះ មិនអាចទទួលយកបានទេ។ ប៉ុន្តែទោះជាយ៉ាងណា លោកថា លោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោក ដើម្បីសម្រេចថា ត្រូវប្តឹងបន្តទៀត ឬក៏យ៉ាងណា។
សូមបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង១០នាក់ រួមមាន ឈ្មោះ អឿ ណារិន, ឃិន រឿន ហៅឃិន ចំរើន,នាង សុឃុន, សាន គឹមហេង, ស៊ុ ពុទ្ធី, កែ ឃីម ហៅ វិន ឌី, ទេព ណារិន, អាន បឋម ហៅ សុខុម, សាន សីហៈ និង អ៊ុក ពេជ្រសំណាង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំដល់២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។
អំពើហិង្សានេះ បានធ្វើឲ្យសន្និសុខខណ្ឌដូនពេញប្រមាណជាង៣០នាក់ រងរបួស នៅអំឡុងបាតុកម្មតវ៉ា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៤៕