(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងជាអនុប្រធាន ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
យោងតាមរបាយការណ៍ បូកសរុបលទ្ធផលនៃការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០១៧ បានបង្ហាញថា ក្រុមការងារបានត្រួតពិនិត្យយានយន្ដសរុប ១,៥៧៥,៦៤៦គ្រឿង ក្នុងនោះ រកឃើញយានយន្ដល្មើសចំនួន ១៦៩,៧៣១គ្រឿង ធ្វើការអប់រំ ចំនួន៤៨,៦៣៤គ្រឿង និងធ្វើការពិន័យចំនួន១២១,០៩៧គ្រឿង ក្នុងនោះទទួលបានប្រាក់ពិន័យចំនួន ២,៦៧៧,៨២០,០០០រៀល។
របាយការណ៍បន្ដថា ការត្រួតពិនិត្យជាតិស្រវឹងបានបន្ដយ៉ាងសកម្មដោយរកឃើញ អ្នកបើកបរមានជាតិស្រវឹងចំនួន២,០០០នាក់ ហើយឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការ ចំនួន១៧៧នាក់ (អ្នកបើករថយន្ដ២២នាក់ និងអ្នកបើកម៉ូតូ១៥៥នាក់)។ ការត្រួតពិនិត្យសារធាតុញៀនលើកអ្នកបើកបរ ចំនួន១៦២នាក់ រកឃើញសារធាតុញៀន ចំនួន២៥នាក់ ក្នុងនោះអ្នកបើករថយន្ដ ចំនួន១៨នាក់។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅពាក់កណ្ដាលឆ្នាំ២០១៧នេះ មានចំនួន១,៨៨៣លើក បណ្ដាលឲ្យស្លាប់៩១៩នាក់ និងរបួស២,៩៨២នាក់ ដែលស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ៩៩នាក់ ខេត្តកណ្ដាល៨០នាក់ និងខេត្តបន្ទាយមានជ័យ៦៨នាក់។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ រួមមាន ការបើកបរលើសល្បឿនកំណត់ ៣៨% មិនគោរពសិទ្ធិ១៦% មិនប្រកាន់ស្ដាំ១២% ស្រវឹង១១% វ៉ាជែង១០% បត់១០% កត្កាយានយន្ដ៣% ងងុយ១% និងកត្កាផ្លូវ១%។
បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦គឺកើនឡើង១៦លើក ហើយអ្នកស្លាប់កើន១១នាក់ តែអ្នករងរបួសថយ២៨២នាក់៕