(ភ្នំពេញ)៖ បើតាមការបញ្ជាក់របស់មន្ត្រី ជាន់ខ្ពស់សហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កូតានាំចេញអង្ករដែលប្រទេសចិន ផ្តល់ឲ្យកម្ពុជា នឹងត្រូវកើនឡើងពី២០ម៉ឺនតោន នៅឆ្នាំ២០១៧ ដល់៣០ម៉ឺនតោន ឆ្នាំ២០១៨។
លោក មូល សារិទ្ធី អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា គោលការណ៍ដំឡើងកូតា នាំចេញអង្ករទៅចិន ត្រូវបានប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ឯកភាពគ្នារួចហើយ ក្នុងជំនួបនាពេលកន្លងមក ដោយរង់ចាំតែក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា រៀបចំឯកសារដើម្បីចុះកិច្ចព្រមព្រៀង នៅពេលខាងមុខតែប៉ុណ្ណោះ។
អគ្គលេខាធិការរូបនេះ បានថ្លែងដូច្នេះថា «ប្រមុខរាជរដ្ឋាភិបាលទាំងពីរ កម្ពុជា-ចិន បានដាក់ចេញគោលការណ៍ គាំទ្រឲ្យមានការកើនឡើងកូតានាំចេញ អង្ករទៅប្រទេសចិន ហើយជំហានបន្តនៅពេលនេះ គឺខាងក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុន Green Trade និងសហព័ន្ធស្រូវអង្ករកម្ពុជា រួមគ្នាដើម្បីធ្វើការងារនេះបន្តទៀត រហូតដល់ឈានទៅរកចំណុចឯកភាពគ្នា ហើយចុះ MOU ជាមួយគ្នា។
នៅឆ្នាំ២០១៧នេះ រដ្ឋាភិបាលចិន ដែលជាប្រទេសនាំចូលអង្ករ ពីកម្ពុជាច្រើនជាងគេ បានដំឡើងកូតានាំចេញអង្ករ ពី១០ម៉ឺនតោន នៅឆ្នាំ២០១៦មក២០ម៉ឺនតោន នៅឆ្នាំ២០១៧។ ជុំវិញកូតានាំចេញអង្ករនៅឆ្នាំ២០១៧នេះ លោក មូល សារិទ្ធី បានអះអាងថា អង្ករកម្ពុជានឹងអាចនាំចេញគ្រប់កូតា ឬលើសកូតា ដែលបានកំណត់ ក៏ព្រោះតែគិតមកដល់ពេលនេះ កម្ពុជាបាននាំចេញអង្ករជាង១០ម៉ឺនតោនហើយ ទៅកាន់ប្រទេសចិន។
សូមជម្រាបថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែឧសភា កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារបរទេស បានជិត២៦ម៉ឺនតោន កើនឡើង១០ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅទីផ្សារចិនបានជិត៩ម៉ឺនតោន៕