(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ ចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយសម្តែងស្វាគមន៍ចំពោះការដោះលែង មន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់ ដែលជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្ស៊ី ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ គណបក្សនេះចាត់ទុកថា ការដោះលែងមន្រ្តីគ.ជ.ប និង អាដហុកនេះ ជាជំហានមួយ ទៅរកស្ថានភាពនយោបាយល្អប្រសើរ។
សូមបញ្ជាក់ថា មន្រ្តីអាដហុក និងគ.ជ.ប ចំនួន៥នាក់ ដែលជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្ស៊ី ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នាព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
មន្រ្តីអាដហុក ៤នាក់ រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ចាងហ្វាងការផ្សាយនៃព្រឹត្តិបត្រ «អ្នកជា» របស់សមាគមអាដហុក, លោក ណៃ វង់ដា អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការ ចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News ឱ្យដឹងថា តុលាការពិតជាបានចេញដីកាដោះលែង ជនសង្ស័យទាំង៥នាក់នេះពិតប្រាកដមែន។
ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានបញ្ជាក់ឱ្យដឹងថា ករណីនេះ គឺជាការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នប៉ុណ្ណោះ ចំណែកនីតិវិធីរបស់តុលាការ នឹងនៅតែបន្តដដែល។ លោកបានបញ្ជាក់ថា សំណុំរឿងរបស់ មន្រ្តីអាដហុក និងគ.ជ.ប ចំនួន៥នាក់ នឹងត្រូវបើកសវនាការជំនុំជម្រះ នៅពេលឆាប់ៗនេះ បើទោះបីជាពួកគេត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំក៏ដោយ។
តាមរយៈដីកាសម្រេចឲ្យនៅក្រៅឃុំនេះ ជនជាប់ចោទទាំងអស់ ត្រូវបានដាក់លក្ខខណ្ឌចំនួន៣ ក្នុងនោះគឺ មិនឲ្យចេញក្រៅប្រទេស ដោយគ្មានការអនុញ្ញាតពីតុលាការ មិនឲ្យផ្លាស់ប្តូរទីលំនៅដោយគ្មានការអនុញ្ញាតពីតុលាការ និងត្រូវចូលខ្លួននៅពេលតុលាការកោះហៅម្តងៗ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះ ការដោះលែង មន្រ្តីអង្គការអាដហុក និងគ.ជ.ប ទាំង៥នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នាពេលនេះផងដែរ។ ស្ថានទូតបានចាត់ទុកថា ការសម្រេចនេះ នឹងកាត់បន្ថយបន្ទុកទៅលើពួកគាត់៕