Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រ្តីពាណិជ្ជករខ្មែរម្នាក់ ចាប់ដៃគូរជាមួយពាណិជ្ជករថៃ បោះទុនរាប់ម៉ឺនដុល្លារ បើកហាង «ផ្សារផ្លែឈើ» នៅកម្ពុជា

30-06-2017 12:58

(ភ្នំពេញ)៖ ស្រ្តីពាណិជ្ជករខ្មែរម្នាក់ បានចាប់ដៃគូរជាមួយពាណិជ្ជករថៃ បោះទុនរាប់ម៉ឺនដុល្លារ បើកហាងមួយឈ្មោះ ថា «ផ្សារផ្លែឈើ» ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ហាង «ផ្សារផ្លែឈើ» បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី ពាណិជ្ជករខ្មែរ ថៃ និងបរទេសជាច្រើនរូបផងដែរ។

លោក មាស កេត្យា ជាតំណាងឲ្យម្ចាស់ហាង និងជាប្រធានផ្នែកលក់នៅហាង «ផ្សារផ្លែឈើ» បានបញ្ជាក់ឲ្យដឹងថា ការបើកហាងផ្លែឈើនេះ បានបោះទុនប្រមាណរាប់ម៉ឺនដុល្លារ ដើម្បីតំកល់ទុក និងជាទុនធ្វើឲ្យហាងមួយនេះ ដំណើរការទៅមុន។ ទោះបីជាមើលទៅការបោះទុនហាក់ដូចជា ច្រើនបន្តិចក៏ពិតមែន តែរំពឹងវិញដែរថា នឹងទទួល បាន មកវិញច្រើនជាងនេះ បើហាងដំណើរការល្អ និងមានការគាំទ្រពីអតិថិជន នៅទូទាំងប្រទេស។

លោក មាស កេត្យា បានបន្តថា ហាង «ផ្សារផ្លែឈើ» មានការនាំចូលផ្លែឈើពីក្នុងប្រទេស រួមាន ខេត្តបាត់ដំបង កំពត កំពង់ចាម កំពង់ស្ពឺ និងបណ្តាខេត្តមួយចំនួនទៀត និងក្រៅប្រទេសរុបទាំងអស់៣០ប្រទេសទៀត ក្នុងនោះ ក៏មានប្រទេសថៃដែលជាដៃគូ មានបទពិសោធន៍ ក្នុងការផ្គត់ផ្គង់ផ្លែឈើ ជាង៤០ឆ្នាំមកហើយ និងមានការផ្គត់ផ្គង់ ទៅផ្សារទំនើបធំៗជាច្រើនទៀត។

ការហ៊ានបោះទុនក្នុងទំហំទឹកប្រាក់នេះ ដោយសំឡឹងឃើញថា វិស័យផ្លែឈើនៅកម្ពុជា មានការរីកចម្រើនច្រើន និងមានទីផ្សារធំទូលាយ និងមានការវិវត្តន៍ខ្លាំងជាងមុន គួរឲ្យកត់សំគាល់។

អ្នកតំណាងឲ្យម្ចាស់រូបនេះ បានបន្ថែមថា ហាង «ផ្សារផ្លែឈើ» គ្រោងនឹងពង្រីកសាខាចំនួន២០បន្ថែមទៀត បើមានការជំរុញ និងគាំទ្រពីអតិថិជន និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

ហាង «ផ្សារផ្លែឈើ» មានលក់ផ្លែឈើចំនួន១០០មុខ ដែលនាំចូលពីក្នុងស្រុក និងក្រៅស្រុកហើយនិងមានច្រើនមុខ បន្ថែមទៀត អាស្រ័យលើភាពសំបូរបែបនៃផ្លែឈើ នៅតាមរដូវកាល ក្នុង ផ្លែឈើនៅក្នុងស្រុក រួមមាន ធុរេន ក្រូចពោធិ៍សាត់ សៅម៉ៅ ភ្ញៀវ តាឡុងកុង ចំណែកផ្លែឈើមកពីក្រៅប្រទេសរួមមាន ផ្លែឆឺរី បឺរី ផ្លែប៉ោម ផ្លែសារីជាដើម។

ជាមួយគ្នានោះ លោក ណាត់ថាផុន ក្រងកិច្ចៈកន នាយកគ្រប់គ្រងការនាំចូលផ្លែឈើពីប្រទេសថៃ បានប្រាប់ថា ការចាប់ដៃគូ ជាមួយកម្ពុជា នាពេលនេះ ដោយសារតែលោក សំលឹងឃើញថាប្រទេសកម្ពុជា មានសក្តានុពល គ្រប់គ្រាន់ ក្នុងការចរាចរណ៍ផ្លែឈើពីប្រទេសថៃបាន។ លោក ណាត់ថាផុន រំពឹងថា កម្ពុជា នឹងមានផ្លែឈើសំបូរ បែបជាងមុន និងមានផ្លែឈើមានគុណភាពល្អ និងតម្លៃសមរម្យផងដែរ។

លោក មាស កេត្យា បានបញ្ជាក់ថា ភាពជឿជាក់ដែលហាង «ផ្សារផ្លែឈើ» ក្នុងការបំពេញនូវតម្រូវការរបស់ អតិថិជនទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក មានការធានា នូវគុណភាព មានការដឹកជញ្ជូន ដោយមានឡានរក្សាសីតុណ្ហភាព ត្រឹមត្រូវ មានកម្រិត ស្តង់ដារ និងមានស្តុកទុកដាក់ទំនិញបានត្រឹមត្រូវ តាមកម្រិតស្តង់ដារផ្លែឈើគ្រប់ទាំងអស់។

ចំពោះហាង «ផ្សារផ្លែឈើ» មានការលក់បោះដុំបន្តទៅកាន់បណ្តាហាង លក់ផ្លែឈើ ជាច្រើនទៀត នៅទូទាំងប្រទេស និងតាមបណ្តាខេត្ត ក្នុងនោះក៏មានការខ្ចប់ជាកាដូ បុណ្យទាន និងពិធីមង្គលការ និងមានសេវាដឹកជញ្ជូន ដល់ផ្ទះផងដែរ។

បន្ថែមពីលើនេះ ក្រុមការងារ ក៏ចុះទៅពិនិត្យដោយផ្ទាល់ជាមួយ ប្រជាកសិករខ្មែរ ដែលដាំផ្លែឈើ និងមានការពិនិត្យលើការប្រើប្រាស់ជីគីមី ឬជីធម្មជាតិ។ សម្រាប់ក្រៅស្រុកវិញ គឺមានការបញ្ជាក់ជាលិខិតច្បាស់លាស់ និងមានការធានាខុសត្រូវលើគុណភាពផងដែរ។ ជាពិសេសនោះ ការបរិភោគផ្លែឈើ ក៏ជួយមួយចំណែក ក្នុងការថែរក្សារាងឲ្យបានស្រស់ស្អាត និងមានសុខភាពល្អ៕