(រតនគិរី)៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៧នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែង តែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះជីវភាព និងការរស់នៅរបស់ជនជាតិដើមភាគតិច។
លោកអភិបាលខេត្តបានថ្លែងថា «តាមរយៈគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច បានកែប្រែកំរិតជីវភាពរស់នៅ លើកកម្ពស់សុខមាលភាព បងប្អូនជនជាតិ តភ្ជាប់បណ្តាញផ្លូវគមនាគមន៍ ទឹក ភ្លើង សាលារៀន មណ្ឌលសុខភាព នៅគ្រប់គោលដៅភូមិ ឃុំ ដែលមានប្រជាពលរដ្ឋរស់នៅ»។
លោក ថង សាវុន បន្តថា «បន្ថែមពីនេះ ក្នុងគោលដៅរក្សាបាននូវវប្បធម៌ ប្រពៃណី អត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំចុះបញ្ជីដីសហគមន៍បងប្អូនជនជាតិដើមភាគតិចជាសមូហភាព ដើម្បីធានាបាននូវការប្រើប្រាស់ធនធានធម្មជាតិដែលមានប្រកបដោយនិរន្តរ៍ភាព ក្នុងនោះមានសហគមន៍ជនជាតិដើមភាគតិចជាង ៥០សហគមន៍ ដែលបានចុះបញ្ជីជានីតិបុគ្គលរួចរាល់នៅក្រសួងមហាផ្ទៃ និងមានសហគមន៍ចំនួន២៧ បានស្នើសុំចុះបញ្ជីដីជាសមូហភាព និងអនុវត្តបានចំនួន ២២ សហគមន៍រួចមកហើយ»។
លោក ថង សាវុន បានផ្តាំផ្ញើឲ្យយប្រជាពលរដ្ឋទាំងបួនភូមិរួមមានភូមិក្រេះ ភូមិតាង៉ាច ភូមិកងកុយ និងភូមិកាន់ឈើង ក្នុងឃុំប៉ូយ ដែលទទួលបានប័ណ្ណសម្គាល់ដីធ្លីសមូហភាពនាថ្ងៃនេះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវអ្វីដែលមានចែងក្នុងលក្ខន្តិកៈសហគមន៍ សហការជិតស្និទ្ធិជាមួយអាជ្ញាធរដែនដី និងប្រើប្រាស់ធនធានដែលមានទៅតាមប្រភេទនីមួយៗប្រកបដោយនិរន្តរ៍ភាព ដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិត៕