(ភ្នំពេញ)៖ និស្សិតសាលាជាតិកសិកម្មកំពង់ចាម ​ដែលទើបនឹងប្រឡងបញ្ចប់យកបរិញ្ញាបត្ររង នាឆ្នាំសិក្សា២០១៦-២០១៧ នៅពេលថ្មីៗនេះ បាននាំគ្នាលួចទម្លាយអោយដឹងថា អំពើពុករលួយនៅក្នុងពេលប្រឡង នៅតែកើតមាន ជាពិសេសការប្រឡងយកសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២០តែម្ដង។

តាមការរៀបរាប់របស់និស្សិតមួយក្រុម ដែលទើបតែប្រឡងបញ្ចប់កាលពីខែមិនា ឆ្នាំ២០១៧កន្លងទៅនេះ បានរៀបរាប់អោយដឹងថា ​ប្រហែល ជាមានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយនៅក្នុងជួរថ្នាក់ដឹកនាំសាលា ហើយមើលទៅបានជានៅពេលប្រឡង គេបែរជាឃើញមានឈ្មោះនិស្សិតមិនដែលឃើញចូលរៀន ឬមានវត្តមាននៅក្នុងសាលារហូតដល់ទៅ១៣នាក់ បានចូលប្រឡងយកសញ្ញាបត្រនឹងគេដែរ។

មិនតែប៉ុណ្ណោះ អ្នកមិនដែលឃើញមុខតែមានឈ្មោះចូលប្រឡងយកសញ្ញាបត្រ ផ្នែកសំខាន់ៗខាងលើនេះ ភាគច្រើនសុទ្ធតែមានអាយុច្រើនខុសពីនិស្សិត មានមុខចូលរៀនធម្មតា ដូចអ្នកខ្លះមានអាយុរហូតដល់ជិត៥០ឆ្នាំ ជាង៤០ឆ្នាំ ខ្លះទៀតជិត៤០ឆ្នាំក៏មានដែរ ខណៈដែលនិស្សិតរៀនមានវត្តមាន រាល់ថ្ងៃមានអាយុយ៉ាងច្រើនជាង២០ប៉ុណ្ណោះ។

ជាក់ស្ដែងដូចជានិស្សិតម្នាក់ឈ្មោះ ...សុផល ប្រឡងយកសញ្ញាបត្រផ្នែកក្សេត្រសាស្ត្រ មានអាយុ ដល់ទៅ៤៥ឆ្នាំ ម្នាក់ទៀតអាយុ៤២ឆ្នាំ ហើយនិស្សិតម្នាក់ទៀតប្រឡងយកសញ្ញាបត្របរិញ្ញាបត្ររង ផ្នែកផលិតកម្ម និងបសុព្យាបាលឈ្មោះ ...សុខុម មានអាយុរហូតដល់ទៅ៤៨ឆ្នាំ និងខ្លះទៀតអាយុ៤២ឆ្នាំ និង៣៩ឆ្នាំជាដើម។ ក្នុងនោះអ្វីដែលធ្វើអោយក្រុមនិស្សិត មានការសង្ស័យពីអំពើពុករលួយ កើតមានពេលប្រឡងយកសញ្ញាបត្រនោះ គឺក្រុមនិស្សិតដែលបានទៅរៀនជាប់លាប់ តាំងពីដើមដល់ចប់គឺ មិនដែលឃើញមុខក្រុមនិស្សិត ដែលមានឈ្មោះចូលប្រឡងទាំង១៣នាក់ នេះមករៀននៅក្នុងថ្នាក់ ឬក្នុងសាលាម្ដងណាឡើយ។

ពួកគេសុទ្ធតែមានអាយុច្រើនៗ ដែលឆ្លុះបញ្ចាំងខុសពីគោល ការណ៏ឬលក្ខខណ្ឌនៃការជ្រើសរើសនិស្សិតអាហារូបករណ៏ ដែលក្រសួងកសិកម្ម និងក្រសួងអប់រំឬរាជរដ្ឋាភិបាលបានកំណត់ក្នុងច្បាប់។ មិនតែប៉ុណ្ណោះ ពួកគេដែលមានឈ្មោះមកប្រឡង តែពេលរៀនមិនដែលឃើញមុខនេះ គឺសុទ្ធតែប្រឡងយកមុខជំនាញល្អៗ ដូចជាជំនាញផលិតកម្ម បសុព្យាបាល និងជំនាញក្សេត្រសាស្ត្រជាដើម។

ក្នុងនាមនិស្សិតជាច្រើនរូបដែលខិតខំសិក្សារៀនសូត្រ ចំណាយលុយកាក់អស់ច្រើន បានធ្វើការសំណូមពរ សូមអោយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងអប់រំ ជាពិសេសប្រមុខរាជរដ្ឋាភិបាលតែម្ដង សូមជួយពិនិត្យមើលលើករណីនេះផង តើជាវិធីប្រឡងយកសញ្ញាបត្រ តាមបែបថ្មីរបស់សាលាជាតិ កសិកម្មកំពង់ចាមឬមួយមានបង្កប់នូវអំពើពុករលួយនៅក្នុងនោះ? ពាក់ព័ន្ធព័ត៌មានខាងលើនេះ នៅរសៀលៃថ្ងទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News មិនអាចទាក់ទងសុំការបំភ្លឺពីខាងសាលាបានឡើយ ដោយសារមិនមានលេខទូរស័ព្ទ សំរាប់ធ្វើការទាក់ទង ដោយសង្ឃឹមថាក្រោយផ្សាយព័ត៌មាននេះ ភាគីខាងសាលានឹងធ្វើការ បំភ្លឺជូនសាធារណជនបានជ្រាប ជាពិសេសក្រុមនិស្សិតដែលមានចម្ងល់តែម្ដង៕