(កណ្ដាល)​៖ ​​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​ភ្លាមៗ​ ក្រោយ​បុរស​ម្នាក់​បើក​រថយន្ត​បុក​ម៉ូតូ​ពេញ​ទំហឹង​ កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩និង​២០​ ភូមិ​ពោធិ​មង្គល​ ឃុំ​ព្រែក​តាទែន​ ស្រុក​ពញាឮ​ ។

របាយការណ៍​នគរបាល​ស្រុក​ពញាឮ​ បង្ហាញ​ថា​ ស្ត្រី​រងគ្រោះ​ឈ្មោះ​ វ៉ាន់​ ស៊ីនួន​ អាយុ​៥៨ឆ្នាំ​ ។​ ចំណែក​ជនបង្ក​ឈ្មោះ​ វ៉ាន់ បូម៉ាត់សាលី អាយុ២៦ឆ្នាំ បើកបរ​រថយន្ត​ម៉ាកVIGOពណ៌ទឹក​មាស ពាក់ស្លាកលេខភ្នំពេញ 2R-3281​ ។​

លោក​ វ៉ែន​ សុវិន​ ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ទទួល​សណ្តាប់​ធ្នាប់​និង​ចរាចរណ៍​ បញ្ជាក់​ថា​ ជនបង្ក​បាន​រត់​គេច​ខ្លួន​បាត់​ហើយ​ មុន​ពេល​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើត​ហេតុ​ ពោលគឺ​ពុំ​មាន​ការ​ឃាត់​ខ្លួន​ជនបង្ក​ ដូច​ការ​ផ្សព្វផ្សាយ​ទេ​ ។

ចំណែក​លោក​ ទុយ​ សុភាព​ អធិការ​រង​នគរបាល​ស្រុក​ពញាឮ​ ថ្លែង​ថា​ ក្រោយ​ហេតុការណ៍​នេះ​ ជនបង្ក​បាន​រត់​ខ្លួន​ ដោយ​បន្សល់​ទុក​រថយន្ត​ និង​មនុស្ស​ពីរ​នាក់​ នៅ​កន្លែង​កើត​ហេតុ​ ។​ បច្ចុប្បន្ន​នគរបាល​កំពុង​បន្ត​នីតិវិធី​៕