(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក បានចុះទៅឃាត់ខ្លួនលោក ឃុន សី ហៅ ឌី អាយុ៥១ឆ្នាំ មុខរបរជាប្រធានការិយាល័យសារព័ត៌មាន «កាពិត» ប្រចាំរាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួលចល័តក្នុងភូមិត្រពាំងឈូក ផ្លូវលេខ២៧១ សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទចែកចាយគ្រឿងញៀន។
ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខដីឡូតិលេខ៥ ផ្លូវលេខ ២៧១ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូត ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់, ដបកែច្នៃជាឧបករណ៌ប្រើប្រាស់គ្រឿងញៀន១, ប្រាក់ដុល្លារសង្ស័យក្លែងក្លាយចំនួន៣២៥$
, ប្រាក់បាតថៃ ចំនួន៥.០០០B និងប័ណ្ណព័ត៌មានកាពិតចំនួន០១សន្លឹក។
ដំណើររឿងហេតុ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩៖១០នាទី ជនសង្ស័យបានទំនាស់គ្នា ជាមួយអ្នករត់ម៉ូតូឌុប នៅចំណុចមុខដីឡូតិ៍ លេខ៥ ផ្លូវលេខ២៧១ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ពេលនោះកម្លាំងនគរបាល ឃើញបានអន្តរាគមន៍សួរនាំ ស្រាប់តែជនសង្ស័យបាន ព្យាយាមយកកញ្ចប់បារីបោះចោល យើងបានរើសកញ្ចប់បារីនោះពិនិត្យ ឃើញសុទ្ធតែក្រដាសប្រាក់ក្លែងក្លាយ ហើយយើងបានពិនិត្យក្នុងកាបូបដែលជនសង្ស័យកំពុងស្ពាយ ឃើញមានក្រាមពណ៌សថ្លា និងឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀន យើងក៏បានឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង៕