(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានណែនាំគម្រោងចំនួនពីរដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា ដើម្បីងាយស្រួលក្នុងការស្វែងរកការងារធ្វើ ដែលគម្រោងទាំងពីរនេះ ត្រូវបានអនុវត្តន៍ដោយជោគជ័យក្នុងប្រទេសហ្វីលីពីន។
ការណែនាំគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈនេះ បានធ្វើឡើនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ឃែលលី ប៊ឺដ (Kelly Bird) នាយកនៃនាយកដ្ឋានអាស៊ី-អាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៧ម្សិលមិញនេះ។
នៅក្នុងកិច្ចប្រជុំនេះ លោក ប៊ឺដ បានជម្រាបជូនលោករដ្ឋមន្ត្រី នូវគម្រោងសាកល្បងចំនួនពីរ ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំ និងអនុវត្តនៅប្រទេសហ្វីលីពីន ប្រកបដោយជោគជ័យ។ គម្រោងទាំងពីរនេះ គឺទាក់ទងនឹងការអភិវឌ្ឍន៍សមត្ថភាព និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យយុវជនមានជំនាញគ្រប់គ្រាន់ក្នុងការស្វែងរកការងារនៅក្នុងទីផ្សារ។
គម្រោងទីមួយមានគោលបំណងកាត់បន្ថយគម្លាតពីការរៀនចប់ ទៅដល់ការរកបានការងារនៅលើទីផ្សារ តាមរយៈការគាំទ្រលើការបណ្ដុះបណ្ដាលតាមរយៈការអនុវត្តផ្ទាល់ ដើម្បីឲ្យយុវជនទទួលបានជំនាញជាក់ស្ដែង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការស្វែងរកការងារ។
លោក ប៊ឺដ បានឲ្យដឹងថា យោងលើលទ្ធផលជាវិជ្ជមាននៃគម្រោងនេះ ប្រទេសហ្វីលីពីនបានរៀបចំ និងអនុម័តច្បាប់មួយ ដើម្បីគាំទ្រសកម្មភាពនេះដោយខ្លួនឯង និងបង្កើតកម្មវិធីមួយហៅថា Jobstart ដើម្បីពង្រីកសកម្មភាពអភិវឌ្ឍន៍សមត្ថភាព និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យកាន់តែទូលំទូលាយថែមទៀត។
ចំពោះគម្រោងទីពីរ ហៅថា Training Grants Program បានបង្កើតលទ្ធភាពដល់និយោជក ក្នុងការរៀបចំស្នើសុំថវិកាបដិភាគ ដើម្បីយកមកបណ្ដុះបណ្ដាលដល់និយោជិករបស់ខ្លួន។ គម្រោងនេះត្រូវបានយកមកសាកល្បងនៅក្នុងវិស័យទេសចរណ៍ ហើយជាលទ្ធផលឃើញថា និយោជិកជាច្រើន ត្រូវបានបណ្ដុះបណ្ដាលលើជំនាញបដិសណ្ឋារកិច្ច អនាម័យម្ហូបអាហារ និងការងារដទៃទៀតផងដែរ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ យល់ថាគម្រោងទាំងនេះ ពិតជាមានសក្ដានុពលខ្ពស់មកលើទីផ្សារការងាររបស់កម្ពុជា ដែលកំពុងតែខ្វះខាតពលករជំនាញ។ លោករដ្ឋមន្រ្តីលើកឡើងថា ក្រសួងពាណិជ្ជកម្មបានគាំទ្រគម្រោងមួយរួចមកហើយ គឺការបង្កើតសាលាវិជ្ជាជីវៈធ្វើម្ហូប ហៅថា Academy of Culinary Art of Cambodia ក្រោមក្របខណ្ឌភាពជាដៃគូរវិស័យសាធារណៈ និងវិស័យឯកជន (PPP) ដែលជាការរួមចំណែកមួយក្នុងការបណ្ដុះបណ្ដាលជំនាញ។
លោករដ្ឋមន្រ្តី ក៏បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហើយមានមតិថា ធនាគារអាចសាកល្បងលើវិស័យទេសចរណ៍ជាមុនសិន ដោយធនាគារមានបទពិសោធន៍ស្រាប់ក្នុងវិស័យនេះ មុនចាប់យកវិស័យដទៃទៀតដូចជា ការកែឆ្នៃផលិតផលកសិកម្ម ព័ត៌មានវិទ្យា ជំនាញផ្សំផ្គុំឧបករណ៍អេឡិកត្រូនិក ។ល។ ជាមួយនោះ លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីការបណ្ដុះបណ្ដាលភាពជាសហគ្រិន ជាការគាំទ្រដល់យុវជនកម្ពុជា ដែលមានបំណងក្លាយជាសហគ្រិន និងលើកកំពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា៕