(កំពត)៖ យុវជនម្នាក់ជាអនីតិជនមានអាយុ១៦ឆ្នាំ ក្លាយជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងមូលដ្ឋានត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងនគរបាលមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក គង់ សុខន ស្នងការរងទទួលផែនប្រឆាំងបទល្មើស ក្រោមការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ខាន់ សុផល ចុះប្រតិបត្តិការបង្ក្រាបបាន នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
លោកព្រះរាជអាជ្ញារង ខាន់ សុផល បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈុន ឃួន អាយុ១៦ឆ្នាំ រស់នៅភូមិ ឃុំ កន្លែងឃាត់ខ្លួនខាងលើ។
ក្រោយពីឃាត់ខ្លួន ជនល្មើសបានសារភាពថា ខ្លួនគេជាអ្នកទទួលថ្នាំញៀនពីឈ្មោះ អ៊ួច អ៊ាន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិជាមួយគ្នា យកទៅចែកចាយឲ្យអ្នកដ៏ទៃ។ ក្រោយពេលឃាត់ខ្លួនឈ្មោះ ឈុន ឃួន កម្លាំងសមត្ថកិច្ចបានដំណើរការឆែកឆេរផ្ទះរបស់ឈ្មោះ អ៊ួច អ៊ាន ក៏រកឃើញថ្នាំញៀនចំនួន០៥កញ្ចប់ ក្នុងនោះធំ១កញ្ចប់ និងតូច៤កញ្ចប់)។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានមន្រ្តីនគរបាលនាំខ្លួនយកមកអធិការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕