(ភ្នំពេញ)៖ ក្រោមកិច្ចសហការវាងក្រសួងអប់រំ យុវជន និង កីឡា មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានកាំកុងត្រូល នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មានប្រារព្ធការធ្វើបទបង្ហាញមួយស្ដីអំពី «សុវត្ថិភាពចំណីអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ដែលមានសិស្ស និងអាជីវករ លក់ដូរក្នុងសាលា ចំនួន២១០នាក់ចូលរួម។
លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធានកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំការធ្វើបទបង្ហាញនេះ បានឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះធ្វើឡើង ក្នុងគោលបំណងឲ្យសិស្សានុសិស្ស មានការយល់ដឹងជាមូលដ្ឋានអំពី សុវត្តិភាពម្ហូបអាហារ តាមខ្សែចង្វាក់ផលិតកម្មតាំងពីការចាប់ផ្ដើម ពីកសិដ្ឋានដល់តុបរិភោគ។
គ្រូបង្គោលដែលមកពីអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងទៀតថា សិស្សានុសិស្សក៏ត្រូវបានបង្ហាត់បង្ហាញឲ្យមានការយល់ដឹងអំពី ការជ្រើសរើសចំណីអាហារ ឲ្យមានសុវត្តិភាពតាមការសង្គេតទៅលើ ចំណុចសំខាន់ ៤ គឺ ការពិនិត្យទៅលើទីតាំងលក់ដូរ ការពិនិត្យទៅលើអនាម័យខាងក្នុង ការចេះសង្គេតមើយសំបកវេចខ្ចប់ និង ការមើយព័ត៌មាន ដែលមានអធិប្បាយនៅលើស្លាកសញ្ញា។
វគ្គបណ្ដុះបណ្ដាល ក៏បានបង្ហាញផងដែរ ឲ្យសិស្ស និងអាជីវករ មានការយល់ដឹងអំពី របៀបនៃការធ្វើឲ្យ ម្ហូបអាហារមានសុវត្តិភាព តាមរយៈការសម្លាប់ឬបញ្ឈប់បាក់តេរី មិនឲ្យលូតលាស់ ក្នុងម្ហូបអាហារ តាមរយៈ ការលាងសំអាតដោយទឹកស្អាតនិងហូរ ការញែកចរិតលក្ខណៈអាហារ ដែលខុសគ្នាឲ្យដាច់ពីគ្នា ដោយការ ប្រើប្រាស់ កាំបិត ជ្រុញ ចានផ្សេងគ្នា ការបញ្ចុះសីតុណ្ហភាពឲ្យនៅក្រោម -៥ អង្សាសេ និង បង្កើនកម្ដៅដោយ ការចម្អិន លើសពី ៧០ អង្សាសេ។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានបញ្ជាក់ផងដែរថា ហានិភ័យម្ហូបអាហារ ពុំមែនសំដៅតែទៅលើ សារធាតុគីមីខុសច្បាប់ ឬខុសបទដ្ឋានប៉ុណ្ណោះទេ នៅមានកត្តាច្រើនទៀតដូចជា កាកសំណល់ថ្នាំផ្សះ ដែលមានសេសសល់ នៅក្នុងសាច់សត្វ អតិសុខុមប្រាណដែលឆ្លងតាមការចិញ្ចឹមឬបរិស្ថាន សារធាតុពុលពីធម្មជាតិដែលកើតឡើងពីដី ផ្សិត ទឹក ឬពូជនៃរុក្ខជាតិ ការប្រើប្រាស់ទឹក ដែលបានមកពីប្រភព មិនមានសុវត្តិភាពពីធម្មជាតិ ឬ ដោយមនុស្ស បង្កើត ការផលិត កែច្នៃ ការរក្សាទុក ការចម្អិន ... ដោយពុំត្រឹមត្រូវតាមបច្ចេកទេសជាដើម។
តាមរយៈឯកសារបណ្ដុះបណ្ដាល អំពីសារធាតុគីមីហាមឃាត់ និង ប៉ះពាល់ដល់សុខភាព សារធាតុដែលគេតែង តែលបលួចដាក់ក្នុងម្ហូប អាហារមានដូចជា បូរ៉ាក់ឬទឹកអន្សា ដែលគេនិយមលួចដាក់ក្នុងសាច់ប្រហិត សរសៃគុយ ទាវ សាច់ក្រក ក្នុងគោលបំណងធ្វើឲ្យស្វិតល្អ អាចមានផលប៉ះពាល់ខ្លាំងដល់ពោះវៀន តំរង់នោម ឬមានការក្អួតឈាម ។
សារធាតុហាមឃាត់ផ្សេងទៀតដូចជា ហ្វ័រម៉ុល តែងតែមានការលួចដាក់នៅក្នុង ត្រី សាច់ គ្រឿងសមុទ្រ ដើម្បីធ្វើឲ្យវាស្រស់ និង ទុកបានយូរ គឺមានការប៉ះពាល់ខ្លាំងដល់ក្រពះ ធ្វើឲ្យមានការក្អួតចង្អោរ រាគរុស និង អាចឈានដល់ការបាត់បង់ជីវិត ក្នុងករណីលើសកំរិត ។សារធាតុ សូដ្យូមអ៊ីដ្រូស៊ុលហ្វីតឬហៅថា ម្សៅធ្វើឲ្យសត្រូវបានរកឃើញ នៅក្នុងសណ្ដែកបណ្ដុះ ស្លឹកគ្រៃ ស្ករត្នោត បន្លែហាន់ស្រាប់ ដើម្បីធ្វើឲ្យវាសស្រស់ទាក់ភ្នែក សារធាតុនេះអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ ថប់ដង្ហើមនិងរាគរុស ។ល។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានសង្កត់ធ្ងន់ថា អគ្គនាយកដ្ឋានកាំកុងត្រូល បាននឹងកំពុងចាត់វិធានការ យ៉ាងតឹងរឹងតាមនិតិវិធី ក្នុងករណី ដែលមានបទល្មើស ចំណីអាហារដូចជា ការផាកពិន័យជាទឹកប្រាក់ ចំនួនពី ៥០០ពាន់ ដល់ ១០លានរៀល ឬ ជាប់ពន្ធធានាគារពី ១ខែ ទៅ ១ឆ្នាំ និង ទោសមួយទ្វេជាពីរ ក្នុងករណីមិនរាងចាល ៕