(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកស្រី អែនជែលឡា ខកខូរិន (Angela Corcoran) បានថ្លែងថា ប្រទេសអូស្ត្រាលី មានការតាំងចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងដូច្នេះក្នុងពេលអញ្ជើញជួបសំណេះសំណាលការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ។
លោកស្រីឯកអគ្គរដ្ឋទូត បានឲ្យដឹងថា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ នៅពេលថ្មីៗនេះ លោកស្រី បានជួបពិភាក្សាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មួយស្ដីពីពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី។
ក្នុងជំនួបពិភាក្សានោះ លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួនដែលរៀបចំឡើងដោយរដ្ឋាភិបាលអូស្ត្រាលី ដោយព្រឹត្តិការណ៍ទីមួយគឺ កិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងរៀបចំឡើងនៅចុងឆ្នាំ២០១៧ នេះ ដោយមានការអញ្ញើញមកបើកដោយនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី និងមានវត្តមានរបស់ធុរជនជាន់ខ្ពស់របស់អូស្ត្រាលីជាច្រើន។
ព្រឹត្តិការណ៍ទីពីរ គឺកិច្ចប្រជុំកំពូលលើកទីមួយ អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងស៊ីដនី ក្នុងឆ្នាំ២០១៨ ដោយកិច្ចប្រជុំនេះនឹងមានការចូលរួមពីសម្ដេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន ផងដែរ។ ក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំស្ដីពីការតភ្ជាប់សេដ្ឋកិច្ច កិច្ចប្រជុំកំពូលធុរជនជាន់ខ្ពស់និងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម។ ព្រឹត្តិការណ៍ទីបីគឺកិច្ចប្រជុំទីក្រុងបាលី ស្ដីពីការជួញដូរមនុស្ស។
លោករដ្ឋមន្ត្រី បានថ្លែងអំណរអរគុណចំពោះការអញ្ជើញរបស់លោកស្រី ហើយបានថ្លែងថា ព្រឹត្តិការណ៍ទាំងនោះ មានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ជាពិសេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី។ ម្យ៉ាងវិញទៀត ជាឱកាសមួយដើម្បីឲ្យវិស័យឯកជនរបស់ប្រទេសទាំងពីរបានជួបគ្នា និងសហការជាមួយគ្នា។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ នឹងជួបជាមួយនឹងវិស័យឯកជន ដើម្បីពិភាក្សាលើការរៀបចំគណៈប្រតិភូពាណិជ្ជកម្មមួយចំនួន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងនោះ៕