(ប្រ៊ីសបេន)៖ កំពូលអ្នកប្រដាល់សកលនិម្មិតរូបហ្វីលីពីន Manny Pacquiao នឹងទទួលបានប្រាក់ធានារ៉ាប់រងអាយុជីវិតចំនួន ១០លានដុល្លារសហរដ្ឋអាមេរិកពីការឡើងវ៉ៃការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBO ព្រឹកថ្ងៃអាទិត្យខាន ស្អែកនេះ ខណៈគូប្រជែងសញ្ជាតិអូស្រ្តាលី ទទួលបាន ៥០ម៉ឺនដុល្លារ។
សេចក្តីរាយការណ៍ពីគេហទំព័រ Bleacher Report បានឲ្យដឹងថា កីឡាករវ័យ៣៨ឆ្នាំ PacMan បានទាមទារតម្លៃខ្លួនពី ៧លានរហូតដល់ ១០លានដុល្លារ ពីការឡើងការពារខ្សែក្រវាត់ WBO លើកដំបូងរបស់គេ ក្រោយដណ្តើមបានពីជើងខ្លាំងអាមេរិក Jessie Vargas កាលពីចុងឆ្នាំ២០១៦ តបតាមការផ្តូរផ្គងរបស់លោក Bob Arum ជនជាតិអាមេរិក បន្ទាប់ពីការជួបជាមួយ Amir Khan ត្រូវបានលុបចោល។
យ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់សរុបដែលអ្នកទាំងពីរនឹងទទួលបាននោះទេ ដោយបានលើកឡើងថា «វាអាស្រ័យទៅលើសង្វៀន Suncorp និងម្ចាស់ឧបត្ថម្ភតែប៉ុណ្ណោះ»។
មួយវិញទៀត Guarantee ១០លានដុល្លារនេះ គឺច្រើនលើសលប់ បើប្រៀបធៀបទៅនឹងការឡើងវ៉ៃដណ្តើមខ្សែក្រវាត់ WBO ពី Jessie Vargas កាលពីចុងឆ្នាំ២០១៦ ដោយ Pacquiao ទទួលបានត្រឹមតែ ៤លានដុល្លារ និងម្ចាស់ខ្សែក្រវាត់ Vargas ទទួលបានតែ ២.៨លានដុល្លារប៉ុណ្ណោះ៕