(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំការប្រារព្ធពិធី បុណ្យរុក្ខទិវា០៩កក្កដា នៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដើម្បីបណ្ដុះទឹកចិត្តប្រជាពលរដ្ឋគ្រប់ឲ្យស្រលាញ់ព្រៃឈើ និងការដាំដុះ។
លោក ឃឹម ប៊ុនសុង បានថ្លែងថាបុណ្យរុក្ខទិវានេះ គឺជាការដង្ហែរតាមព្រះរាជតំរិះរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គតែងតែយកព្រះទ័យទុក ដាក់ដល់បញ្ហាព្រៃឈើ និងការដាំដើមឈើជាអាទិភាពចំបង ហើយប្រពៃណីបុណ្យរុក្ខទិវា មានអត្ថន័យសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូប ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជម្រុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង។
ការប្រារព្ធពិធីរុក្ខទិវា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
អភិបាលខេត្តរូបនេះ មានជំនឿយ៉ាងមុតមាំថាពលរដ្ឋទាំងអស់ត្រូវ ចាប់ផ្ដើមដោយមិនបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឲ្យកាន់តែមានសម្រស់ស្រស់បំព្រងសម្រាប់សង្គមជាតិទាំងមូល។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដែលកំពុងបន្ដអាជីវកម្មកាប់បំផ្លាញព្រៃឈើ ទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សូមបញ្ឈប់ជាបន្ទាន់នូវទង្វើអវិចារណញ្ញាណទាំងនេះ ព្រោះថាការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ និងការរុករានធ្វើលំនៅដ្ឋានដោយអាណាធិបតេយ្យ គឺជាបទល្មើសធ្ងន់ធ្ងរបំផុត ដែលមិនអាចលើកលែងទោសឲ្យបានជាដាច់ខាន៕