Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ះពាល់សុខភាព! មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បង្រ្កាបបានសាច់មាន់ និងសាច់ជ្រូកខូចគុណភាពកន្លះតោន នាំចូលពីប្រទេសថៃ, ថ្ងៃនេះដុតបំផ្លាញចោល

30-06-2017 11:51

(បាតដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយនគរបាល និងមន្រ្តីគយប្រចាំប៉ុស្តិ៍ច្រកភ្នំដី ស្រុកសំពៅលូន បានបង្រ្កាបសាច់ សត្វចម្រុះស្អុយខូចគុណភាពទម្ងន់៥០០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ ហើយយកដុតកម្ទេចចោលភ្លាមៗ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

លោក ហាក់ សុខរិន បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបងថា «មន្ត្រីកាំកុងត្រូល យើងដែលប្រចាំការនៅតាមគោលដៅ និងសហការជាមួយសមត្ថកិច្ចចម្រុះមាន នគរបាល មន្រ្តីគយប្រចាំប៉ុស្តិ៍ភ្នំដី ស្រុកសំពៅលូន បានបង្រ្កាបការនាំទំនិញខូចគុណភាពដែលជនខិលខូច លួចនាំចូលពីប្រទេសថៃ មានដូចជា៖ ស្លាបមាន់ ជង្គង់មាន់ ខ្លាញ់ជ្រូក សាច់ជ្រូក ស្អុយរលួយសរុបចំនួន៥០០គីឡូក្រាម យកមកដុតកម្ទេចភ្លាមៗនៅនឹងកន្លែង។ ក្រោយពេលចាប់ទំនិញខូចគុណភាព និងអ្នកដឹកជញ្ជូនហើយខាង មន្ត្រីយើងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការ នាំចូលបែបនេះទៀតបើសិនជាមាននាំចូលលើកក្រោយទៀត ម្ចាស់សាច់មាន់ខាងលើនេះសុខចិត្តប្រគល់ខ្លួនឲ្យសមត្ថកិច្ច កាំកុងត្រូលចាត់ការតាមនិតិវិធីច្បាប់»

លោក ហាក់ សុខរិន បានថ្លែងថា កន្លងមកលោកបានចាត់ឲ្យមន្រ្តីជំនាញដែលឈរជើងប្រចាំការតាមគោលដៅរៀងៗ ខ្លួនពិសេសនៅតាមច្រកព្រំដែន កម្ពុជា-ថៃ ក្នុងដែនដីខេត្តបាត់ដំបង តាមឃ្លាំមើលជាប្រចាំដើម្បីទប់ស្កាត់នូវការនាំ ចូលទំនិញពាក់ព័ន្ធទៅនឹងចំណីអាហារខូចគុណ ភាពមិនឲ្យហូរចូលលក់ក្នុងនានាទីផ្សារនៅក្នុងខេត្ត ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់អាជីវករលក់នៅតាមផ្សារ និងអ្នកប្រើប្រាស់ជាប្រចាំផង។

លោក ហាក់ សុខរិន សូមអំពាវនាវដល់អ្នកនាំចូលទំនិញខូចគុណភាពមេត្តាបញ្ឈប់ នាំចូលទៀតទោះជាក្នុងរូបភាព ណាក៏ដោយ គឺធ្វើដើម្បីសុវត្តិភាព សុខភាពប្រជាពលរដ្ឋ យើងទាំងអស់គ្នា ជាពិសេសក្រុមអាជីវករប្រជាពលរដ្ឋមុន និងទិញមុខម្ហូប មុខទំនិញអ្វីទាំងអស់ដែលយកទៅលក់ដូរបន្តសូម ធ្វើការពិនិត្យទំនិញ ឲ្យបានច្បាស់លាស់ចៀសវាង ប៉ះចំទំនិញខូចគុណភាព ដែលប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់ដល់សុខភាពខ្លួនឯង ហើយនាំឲ្យខ្លួនឯង ប្រឈមមុខនឹងច្បាប់ទៀតផង៕