(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នាយឧត្តមសេនីយ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រកាសថា នាយទាហានទាំងអស់ត្រូវគោរពឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីនៃកម្ពុជាឲ្យបានរឹងមាំ និងរីកចម្រើន។
ការប្រកាសបែបនេះ របស់នាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ យោធាសន្តិសុខឆមាសទី១ និងផ្សព្វផ្សាយទិសដៅអនុវត្តការងារយោធាសន្តិសុខ ឆមាសទី២ ឆ្នាំ២០១៧ យោធភូមិភាគទី៤។
នាយឧត្តមសេនីយ៍ មាស សុភា ក៏បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ត្រូវបន្តប្រពៃណី ស្នាដៃដ៏ល្អបន្តទៀត ពិសេសត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពការងារហ្វឹកហ្វឺន លើគ្រប់ជំនាញឲ្យកងទ័ព កាន់តែមានសមត្ថភាពយកចិត្តទុកដាក់ ជំរុញការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឲ្យដល់នាយពលទាហានកាន់តែមានឆន្ទះ ស្នេហាជាតិ ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
មេបញ្ជាការកងទ័ពជើងគោករូបនេះ ថ្លែងជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំកងទ័ពជើងគោគ ពិសេសថ្នាក់ដឹកនាំយោធភូមិភាគទី៤ បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការល្អរបស់នាយពលទាហាន គ្រប់កងឯកភាពចំណុះឲ្យ យោធភូមិភាគទី៤ ដែលក្នុងរយៈពេលមួយឆមាសទី១កន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិ ការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃកម្ពុជាបានយ៉ាងរឹងមាំ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហានជាន់ខ្ពស់ ក្នុងយោធភូមិភាគទី៤ ចំនួន៤រូប ដែលក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងប្រកាសរបស់ក្រសួងការពារជាតិ រួមមានសម្រេចតម្លើងឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោចំនួន២រូប, ថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន២រូប និងតែងតាំងផ្លាស់ប្តូរមុខងារជា មេបញ្ជាការរងយោធភូមិភាគទី៤ចំនួន២រូប និងជានាយរងសេនាធិការយោធភូមិភាគ១រូប ផងដែរ៕