(ភ្នំពេញ)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានស្នើឲ្យអាមេរិកផ្តល់ជំនួយបច្ចេកទេសមួយចំនួន ដើម្បីជួយលើកកម្ពស់វិស័យពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។ សំណើរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលការងារជាមួយឯកអគ្គ រដ្ឋទូតអាមេរិក លោក វិល្លៀម ហាដន៍ (William A. Heidt) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ។
សំណើដែលលោករដ្ឋមន្រ្តី បានស្នើសុំនោះរួមមាន៖ ការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ការបណ្តុះបណ្តាលដល់មន្រ្តីថ្មីរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ស្តីពីការវិភាគពាណិជ្ជកម្ម ការលើកស្ទួយនិងជំរុញកម្ពុជា ជាមូលដ្ឋានផលិតកម្មមួយ សម្រាប់ផលិតគ្រឿងផ្សំ និងផ្នែករបស់រថយន្ត តាមរយៈការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែន និងការគាំទ្រដល់វិស័យពាណិជ្ជកម្មតាមអេឡិកត្រូនិក រួមបញ្ចូលទាំងការធ្វើឲ្យល្អ ប្រសើរនូវប្រព័ន្ធដឹកជញ្ជូន និងផ្ដត់ផ្គង់។
លោកឯកអគ្គអាមេរិក បានទទួលយកសំណើរទាំងនោះ ហើយនឹងឆ្លើយតបជាមួយលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ វិញ ពេលលោកឯកអគ្គរដ្ឋទូតត្រឡប់ពីអាមេរិក។
នៅក្នុងជំនួបម្សិលមិញនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក បានឲ្យដឹងថា រូបលោកនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិករយៈពេលពីរសប្តាហ៍ ហើយនៅក្នុងដំណើរនោះ លោកនឹងជួបប្រជុំជាមួយនឹងសមាគមខ្មែរ-អាមេរិកនៅទីក្រុងស៊ីអាថល (Seattle) និងទីក្រុងវ៉ាស៊ីងតោន ដើម្បីរាយការណ៍អំពីវឌ្ឍនភាពនៃការបោះឆ្នោតឃុំ-សង្កាត់ ២០១៧ និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ដែលសហរដ្ឋអាមេរិកបានផ្ដល់ឲ្យកម្ពុជា លើកាបូបសម្រាប់ដាក់ទំនិញធ្វើដំណើរ។
ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក បានស្នើសុំឲ្យក្រសួងពាណិជ្ជកម្ម ផ្ដល់ព័ត៌មានទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីបង្ហាញថាប្រព័ន្ធ នេះពិតជាផ្ដល់នូវអត្ថប្រយោជន៍ បង្កើតការងារ និងផលប៉ះពាល់អភិវឌ្ឍន៍សេដ្ឋកិច្ចមកលើកម្ពុជា។
ជាកិច្ចឆ្លើយតបលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកឯកអគ្គរដ្ឋទូត ចំពោះការអបអរសាទរដល់ការប្រព្រឹត្តទៅរបស់ការបោះឆ្នោតឃុំ-សង្កាត់ ២០១៧ នេះ។ ចំពោះព័ត៌មាននិងទិន្នន័យទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ GSP វិញ លោករដ្ឋបានបញ្ជាក់ថា ក្រសួងនឹងផ្ដល់ទិន្នន័យចាំបាច់ទាំងអស់ជូនលោកឯកអគ្គរដ្ឋទូត ក្នុងដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ជាក់ថា ប្រព័ន្ធនេះពិតជាមានផលប្រយោជន៍ដល់កម្ពុជាទាំងមូល៕