(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុន IDG រៀបចំសិក្ខាសាលា ស្តីពីការវិឌ្ឍបច្ចេកវិទ្យា 4G LTE (Cambodia 4G LTE Conference 2017) នៅកម្ពុជា ក្រោមប្រធានបទ «សក្តានុពលរបស់បច្ចេកវិទ្យា 4G LTE ជំរុញឲ្យមានការជឿនលឿនផ្នែក Internet of Things ឧស្សាហកម្មទាំងមូល» ដោយមានការចូលរួមពី តំណាងបណ្តាលក្រុមហ៊ុន ប្រតិបត្តិករ ក្រុមផ្តល់សេវាកម្មវិស័យបច្ចេកវិទ្យា និងធនាគារប្រមាណ៣០០នាក់។
លោស្រី រស់ សូរក្ខា បានថ្លែងថា ដោយសារតែប្រទេសកម្ពុជា សព្វថ្ងៃមានការរីកចម្រើនលើវិស័យបច្ចេកវិទ្យា យ៉ាងខ្លាំងក្នុងដំណាក់កាលចុងក្រោយ នេះទើបយើងបានរៀបចំជាសិក្ខាសាលា ផ្តោតទៅលើប្រធានបទមួយចំនួនមាន ការប្រែក្លាយបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍សេវាទូរស័ព្ទសល័ត ការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចលើបច្ចេកវិទ្យា 4G LTE ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យា 4G និងគុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យា 4G ក្នុងទីផ្សារប្រទេសកម្ពុជា។
លោកស្រី រស់ សូរក្ខា បានបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំកម្មវិធីនេះដើម្បីជាឱកាសការជួបគ្នា រវាងបណ្តាល ក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងស្រុក ដើម្បីពិភាក្សាគ្នាលើចំណុចសក្តានុពល នៃបច្ចេកវិទ្យាក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងស្វែងរកដៃគូពង្រីកទីផ្សាររបស់ខ្លួន។
លោកស្រីរដ្ឋលេខាធិកា បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងជាប្រទេសមានសក្តានុពលមួយ ក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍវិស័យ ICT ជាក់ស្តែងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តកើនឡើងខ្ពស់ ក្នុងនោះការប្រើប្រាស់ Internet មានរហូតដល់ទៅជាង៧លាននាក់។
លោកស្ត្រីបន្តថា បច្ចុប្បន្ននេះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ online និងការផ្ទេរសាច់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃចល័ត មានការកើនឡើងទាំងនេះ បានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ តាមរយៈការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា និងឧស្សាហកម្មឌីជីថលនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានបំណងជំរុញល្បឿននៃនវានុវត្តន៍បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេស ឲ្យផ្សារភ្ជាប់តម្រូវការសាធារណជន ដើម្បីឲ្យស្របតាមនិន្នាការថ្នាក់តំបន់ និងសាកលលោកទាំងមូលផងដែរ៕