(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ សង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ដែលប្រើប្រាស់នូវធនធាន និងមូលនិធិសង្កាត់ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានថ្លែងថា ពិធីនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍតាមបែប វិមជ្ឈការនៅថ្នាក់ក្រោមជាតិ តាមរយៈការប្រគល់ថវិកាជូនសង្កាត់ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំដៅឆ្លើយតបនឹងបញ្ហា ក៏ដូចជាតម្រូវការផ្ទាល់របស់ប្រជាពលរដ្ឋខ្លួន។
លោក សុខ ពេញវុធ បានឲ្យដឹងថា លទ្ធផលគម្រោងមូលនិធិអភិវឌ្ឍន៍ សង្កាត់ទាំង១១ ដែលសម្រេចបាន ក្នុងខណ្ឌដូនពេញ តាមរយៈការដេញថ្លៃគម្រោង ឆ្នាំ២០១៦កន្លងទៅ រួមមាន៖
ទី១៖ សង្កាត់ផ្សារថ្មីទី១ បានសាងសង់លូដោះទឹក១ខែ្សប្រវែង ១៦៥ម៉ែត្រ មុខកាត់ ០,៦ ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ២៩,៧លានរៀល។
ទី២៖ សង្កាត់ផ្សារថ្មីទី២ បានសាងសង់លូកាត់ផ្លូវប្រវែង៥៧ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ និងស្តារលូប្រវែង ៦០០ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ៣៣,៣៤លានរៀល។
ទី៣៖ សង្កាត់ផ្សារថ្មីទី៣ បានសាងសង់លូមូលដោះទឹក ២ខ្សែ សរុបប្រវែង២៥៧ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ៣៤,១៩លានរៀល។
ទី៤៖ សង្កាត់បឹងរាំង បានសាងសង់លូរំដោះទឹកមូល ១កន្លែង មុខកាត់ ០,៨ម៉ែត្រ ប្រវែង ១៧២ម៉ែត្រ ក្នុងភូមិ១ ថវិកាដែលបានអនុវត្តចំនួន ៣៥,៦១លានរៀល។
ទី៥៖ សង្កាត់ផ្សារកណ្តាលទី១ បានសាងសង់លូរំដោះទឹក ២ខ្សែ សរុបប្រវែង ១៦៨ម៉ែត្រ និងក្រាលផ្លូវបេតុងប្រវែង ៩០ម៉ែត្រ ទទឹង ៣ម៉ែត្រ កំរាស់ ១២០មីលីម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន៣៦,៤២លានរៀល។
ទី៦៖ សង្កាត់ផ្សារកណ្តាលទី២ បានសាងសង់តបណ្តាញអគ្គិសនីចំនួន ៣២គោម ថវិកាដែលបានអនុវត្តចំនួន ៣១,៦៨លានរៀល។
ទី៧៖ សង្កាត់ជ័យជំនះ បានដាក់លូរំដោះទឹកប្រវែង២៥ម៉ែត្រ មុខកាត់០,៦ម៉ែត្រ និងក្រាលផ្លូវបេតុងគ្មានសសៃដែក ២ខ្សែ សរុបប្រវែង១២១ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ៣០,៧៩លានរៀល។
ទី៨៖ សង្កាត់ចតុមុខ បានសាងសង់លូរំដោះទឹកមូល សរុបប្រវែង ១៤៧ម៉ែត្រ មុខកាត់ ០,៨ម៉ែត្រ ក្នុងភូមិ៤ និងភូមិ៥ ថវិកាអនុវត្តចំនួន ២៩,៩លានរៀល។
ទី៩៖ សង្កាត់ផ្សារចាស់ បានសាងសង់លូដោះទឹកមូលប្រវែង៥០ម៉ែត្រ មុខកាត់០,៥ម៉ែត្រ និងក្រាលការឺឡាប្រវែង ១៥០ម៉ែត្រ ទទឹង ៤,២ម៉ែត្រ ថវិកាអនុវត្តចំនួន ៣១,៧៥លានរៀល ។
ទី១០៖ សង្កាត់ស្រះចក បានសាងសង់ផ្លូវចាក់បេតុងគ្មានសសៃដែកនៅក្នុងភូម៣ និងភូមិ១៧ ប្រវែង៤២០ម៉ែត្រ ថវិកាដែលបានអនុវត្តចំនួន ៤៧,៣០លានរៀល។
ទី១១៖ សង្កាត់វត្តភ្នំ បានសាងសង់លូដោះទឹក ១ខ្សែ ប្រវែង១៥០ម៉ែត្រ និងចាក់ផ្លូវបេតុង ១៤០ម៉ែត្រ ក្នុងភូមិ១០ ថវិកាដែលបានអនុវត្តចំនួន ៣៩,៥០លានរៀល។
លោកអភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា តាយរយៈលទ្ធផលនេះ សង្កាត់នីមួយៗ បានយកចិត្តទុកដាក់ក្នុងការតាមដាន ការអនុវត្តគម្រោង ដែលអនុវត្តដោយក្រុមហ៊ុន អ្នកទទួលការ ដើម្បីធានា ឲ្យស្របតាមគុណភាព និងបច្ចេកទេស ដែលបានកំណត់ ធានារក្សានូវការប្រើប្រាស់ថវិកា សង្កាត់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕