(កំពង់ស្ពឺ)៖ តបតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រជុំផ្សព្វផ្សាយដល់ កម្លាំងក្រោមឱវាទរបស់ខ្លួន ស្តីពីកិច្ចការពារសន្តិសុខថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជប្រទានព្រះរាជអំណោយដល់ប្រជានុរាស្រ្ត នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ។
កិច្ចប្រជុំផ្សព្វផ្សាយផែនការនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ក្រោមវត្តមានលោកឧត្តមសេនីយ៍ ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីនាយទាហាន នាយទាហានរងនិងកម្លាំង កងរាជអាវុធហត្ថជាច្រើននាក់។
លោកឧត្តមសេនីយ៍ ជូ សារុន បានលើកឡើងទៅកាន់នាយទាហាន នាយទាហានរងថា ត្រូវធានាឲ្យបានចំពោះសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលដែលព្រះអង្គស្តេចយាងដល់កន្លែងជួបប្រជារាស្ត្រ និងនៅកន្លែងប្រារព្ធពិធី មិនតែប៉ុណ្ណោះ ត្រូវសហការណ៍ជាកម្លាំងនគរបាល កងអង្គរក្សព្រះមហាក្សត្រ ដែលមានភារកិច្ចការពារនៅទីនោះ។
លោកឧត្តមសេនីយ៍បានបន្តថា កម្លាំងកងរាជអាវុធហត្ថទាំងអស់ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ តាមគោលដៅឈរជើង ដែលអង្គភាពបានប្រគល់ជូន ប្រើប្រាស់គ្រប់ជំនាញ គ្រប់រូបភាព ការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យខាងតែបាន។
លោកមេបញ្ជាការបានបន្ថែមថា អង្គភាពកងរាជអាវុធហត្ថ បានរៀបចំនិងបែងចែកកម្លាំងការពារនៅតាមបណ្ដាគោលដៅ សំខាន់ៗ ក្នុងខេត្តកំពង់ស្ពឺ និងធ្វើការត្រៀមរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ក្នុងព្រះរាជដំណើររបស់ព្រះអង្គ ឲ្យមានភាពរលូនល្អប្រសើរ និងមានសន្តិសុខ សុវត្ថិភាពល្អ ទាំងពេលមុនព្រះអង្គយាងមកដល់និងក្រោយពេលព្រះអង្គ យាងត្រឡប់ទៅវិញ៕