(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូល នៃនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ បានបន្តចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយចំនួនទៀតនៅក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ ហើយបានរកឃើញស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលបរិមាណនៃការលក់មិនត្រឹមត្រូវទៅតាមកុងទ័រនោះឡើយ។
លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ ដែលដឹកនាំការចុះត្រួតពិនិត្យនេះ បានឲ្យ Fresh News ដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះថា ការចុះពិនិត្យ បានធ្វើដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ក្នុងពង្រឹងសុច្ចរិតភាពរបស់អ្នកលក់នៅតាមស្ថានីយប្រេងឥន្ធនៈនានា ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។
លោក ភិរុណ បន្តថា ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែងដូចជាធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញគឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំងSuper(95)និងRegular(92)។
បើតាមលោក ភិរុណ ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈទៅលើស្ថានីយ០៣ នៅទីតាំងខាងលើនេះគឺស្ថានីយ០២ មានភាពត្រឹមត្រូវផ្នែកបរិមាណ និង គុណភាពប្រេងឥន្ធនៈ លើកលែងតែស្ថានីយ ០១កន្លែងទៀត បរិមាណប្រេងខ្វះមិនមិនត្រូវតាមលេខកុងទ័រ។ មន្ត្រីត្រួតពិនិត្យបានណែនាំម្ចាស់ស្ថានីយនោះ កែតម្រូវម៉ាស៊ីនលក់ប្រេងតាមការធ្វើព្យាសកម្មឱយបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រ ជាតិ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសន្យាមិនឲ្យកើតមានករណីនេះសាជាថ្មីទៀតទេ។ ចំពោះថ្លៃប្រេងឥន្ធនៈរបស់ស្ថានីយទាំង ០៣ គឺដាក់លក់ត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងពា ណិជ្ជកម្ម ។
លោក អនុប្រធាននាយកដ្ឋាន បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងការអនុវត្តន៍ច្បាប់។
លោកក៏បានផ្តល់ដំបូន្មានមួយចំនួនដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ឲ្យពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍លក់ប្រេងថ្មី ផ្គត់ផ្គង់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូត ដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃ លេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយដែលបានស្នើ តាមដានសេចក្តីជូនដំណឹងថ្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម១៥ថ្ងៃម្តង និងត្រូវប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចូលចាក់បំពេញក្នុងស្ថានីយ។លោក គឿន ភិរុណ ក៏បានអំពាវនាវផងដែរថា ប្រសិនបើអ្នកប្រើប្រាស់យានជំនិះជួបហេតុការណ៍មិនប្រក្រតីកើតឡើងទាក់ទងពីបរិមាណ និងគុណភាពប្រេងឥន្ធនៈ ដែលបានជួបប្រទះក្នុងពេលចូលទៅចាក់ប្រេងឥន្ធនៈនៅក្នុងស្ថានីយណាមួយក្នុងរាជធានីភ្នំពេញ សូមទូរស័ព្ទមកលេខៈ 023 52 11 888៕