តុលាការ ចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា ចូលបំភ្លឺជុំវិញ ការដាក់ពាក្យប្តឹង លោក សាន្ត ប៊ុនធឿន (Video inside)
30-06-2017 11:00
(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង នាថ្មីៗនេះ បានចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម ចូលបំភ្លឺ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ជុំវិញការដាក់ពាក្យប្តឹង លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ។
យោងតាមដីការបស់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា ត្រូវចូលខ្លួនវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី០៦ ខែកក្កដា នៅបន្ទប់អក្ស «រ» ជាន់ទី២ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺចំពោះការចោទប្រកាន់ លោក សាន្ត ប៊ុនធឿន ពីបទញុះញង់្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្តឹង លោក សាន្ត ប៊ុនធឿន ដោយចោទប្រកាន់ពីបទញុះញង់្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ចំពោះការដាក់ពាក្យបណ្តឹងនេះ កញ្ញា ធី សុវណ្ណថា បានចោទ លោក សាន្ត ប៊ុនធឿនថា បាន Live វីដេអូ ជេរប្រមាថ បរិហាកេរ្តិ៍របស់នាង ព្រមទាំងចោទ លោក សាន្ត ប៊ុនធឿនថា រៀបចំផែនការព័ទ្ធឡាន និងចាត់ការតាមផែនការនេះ។
ទោះជាយ៉ាងណាក្តីរហូតដល់ពេលនេះ កញ្ញា ធី សុវណ្ណថា ដែលជាម្ចាស់ប្តឹងនេះ បានអះអាងថា កញ្ញា នាង យល់ព្រមឈប់ប្តឹងបន្តទៀត ដោយសារតែលោក សាន្ត ប៊ុនធឿន បានទទួលស្គាល់កំហុសចំពោះរឿងនេះ។
ប៉ុន្តែកញ្ញា អះអាងថា ទោះបីយ៉ាងណាលោក សាន្ត ប៊ុនធឿន នៅតែជាប់បណ្តឹងអាជ្ញា ប៉ុន្តែកញ្ញាអះអាងថានឹងចេញមុខការពារ ធានាឲ្យនៅក្រៅឃុំ បើសិនជាតុលាការសម្រេចឲ្យ លោក សាន្ត ប៊ុនធឿន ជាប់ពន្ធនាគារ។
កញ្ញា បានបញ្ជាក់ នៅលើទំព័រ Facebook នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា៖ «សាន្ត ប៊ុនធឿន អើយ... ដីកាកោះ ចេញហើយ អ្វីដែលខ្ញុំអាចជួយបងបាន គឺដាក់ពាក្យសុំ "ឈប់ប្តឹង" តែបណ្តឹងអាជ្ញារបស់តុលាកា នៅតែបន្តដំណើរការ បើតុលាការសម្រេចឲ្យបងជាប់គុក ខ្ញុំនឹងប្រើសិទ្ធិជាដើមបណ្តឹង សុំធានាបងឲ្យនៅក្រៅឃុំ»៕