(សៀមរាប)៖ ករណីឃាតកម្ម បើករថយន្ដបុកសម្លាប់គូរទំនាស់ នៅវង់ផឹកស៊ី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅស្រុកសូនិគម បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នោះ ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយអាវុធហត្ថខេត្តឧត្ដរមានជ័យ ចាប់បាននៅអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ហើយបានបញ្ជូនទៅតុលាការរហូតមានការសម្រេចឃុំខ្លួនដាក់ពន្ធនាគារតែម្តង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
លោកវរសេនីយឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងមូលដ្ឋានស្រុកស្រីស្នំ ចំនួន៤នាក់ ដឹកនាំដោយលោកវរសេនីយត្រី សំរិទ្ធ មុន្នី មេបញ្ជាការអាវុធហត្ថស្រុក សហការជាមួយអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ២៦៩/២០១៧ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាឈ្មោះ ហួត កុង ភេទប្រុស អាយុ៣០ឆ្នាំ ចូលខ្លួន។
លោកមេបញ្ជាការរងបានរំលឹកថា ឈ្មោះ ហួត កុង ដែលបានប្រព្រឹត្តិករណីឃាតកម្ម ដោយបើកឡានបំបុកជនរងគ្រោះ នៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប តែឥឡូវត្រូវបានឃាត់ខ្លួន នៅចំណុចផ្សារថ្ម ស្ថិតនៅភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ក្រោយឃាត់ខ្លួនជនត្រូវចោទ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី រហូតមានការឃុំខ្លួនតែម្តង។
តាមដំណើររឿង៖ ជនសង្ស័យ ឈ្មោះ ហួត កុង អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ដឱ្យក្រុមហ៊ុនគោជល់ ដែលមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិធម្មជាតិ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ជាមួយនិងឈ្មោះ នាក់ សាវុធ បានទាស់ពាក្យសំដីនឹងគ្នា នៅពេលផឹកស៊ី ពេលនោះស្រាប់តែឈ្មោះ ហួត កុង បានឡើងបើករថយន្តម៉ាកកូរ៉េ ១តោនកន្លះ ពណ៌ស ដឹកម៉ាស៊ីនភ្លើង ទៅបុកជនរងគ្រោះ ដែលកំពង់អង្គុយ ផឹកស៊ី នៅក្បែររថយន្តធំ ៥តោនដឹកសម្ភារលេង ខនសឺត គឺបើកបំបុកទៅលើឈ្មោះ នាក់ សាវុធ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលមានលំនៅឯភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបណ្ដាលឱ្យស្លាប់ និងឈ្មោះ ប៉ាល់ តុល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្ទ្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឱ្យរងរបួសជាទម្ងន់ផងដែរ។ ក្រោយពីបើករថយន្ដបំបុកទៅលើឈ្មោះ នាក់ សាវុធ បណ្ដាលឱ្យស្លាប់ និងឈ្មោះ ប៉ាល់ តុល របួសធ្ងន់រួចមក ឈ្មោះ ហួត កុង ក៏បានរត់គេចខ្លួន៕