(ភ្នំពេញ)៖ លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្ត នៅតែបន្តការគាំទ្រ នៅលើការអភិវឌ្ឍសង្គម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ នៅក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក William A.Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក អញ្ជើញចូលរួម នៅក្នុងខួបលើកទី២៤១ នៃថ្ងៃឯករាជ្យរបស់អាមេរិក ដោយមានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី២ និងអគ្គលេខាធិការ នៃអាជ្ញាធរមីន និងថ្នាកដឹកនាំក្នុងជួររាជរដ្ឋាភិបាលជារូបច្រើន ដែលបានរៀបចំ ធ្វើឡើងនៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ នាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជា រីករាយពេញចិត្ត នូវការធ្វើសន្ទនាដោយស្មោះត្រង់ រវាងគ្នានៅលើបញ្ហាជាច្រើន។
លោកឯកអគ្គរដ្ឋទូត បានថ្លែងយ៉ាងដូច្នោះថា «ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្ត នូវការគាំទ្រនៅការអភិវឌ្ឍសង្គម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ នៅក្នុងប្រទេសកម្ពុជា នៅក្នុងវិធីជាច្រើន ដែលអាចយើងធ្វើទៅបាន»។
លោក William A.Heidt បានបន្តថា ទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក មានការរីកចម្រើន ក្នុងពេលកន្លងមក ដោយសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានទីផ្សារដ៏ធំ សម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា។
លោកបានបន្ថែមទៀតថា កម្ពុជាមានរោងចក្រប្រមាណ២០រោងចក្រ ទើបតែបង្កើតឡើងនៅក្នុងឆ្នាំនេះ ដើម្បីផលិតនៅទំនិញកាបូប កាតាបជាដើម លក់ទៅកាន់សហរដ្ឋអាមេរិក ដោយអនុគ្រោះពន្ធ។ រោងចក្រទាំងនេះ បានផ្តល់ការងារធ្វើជូនកម្មករ បុគ្គលិកប្រមាណ ១៥០០០នាក់។
លោកទេសរដ្ឋមន្ដ្រី លី ធុជ បានឲ្យដឹងថា «សហរដ្ឋអាមេរិកជាទីផ្សារធំជាងគេ នៃការនាំចេញរបស់យើង ហើយយើងលក់សំលៀកបំពាក់ ខោ អាវ ជាច្រើន ទៅទីផ្សារអាមេរិក។ កូនក្មួយរបស់យើង ដែលកាត់ដេរ នៅតាមរោងចក្រខិតខំធ្វើការពីព្រលឹមដល់យប់ គឺយើងបានទីផ្សារអាមេរិកធំ ដែលផ្ដល់មកការងារ និងចំណូល ជូនដល់ក្មួយរបស់យើងជាកម្មករ កម្មការិនី ចិញ្ចឹមគ្រួសារ និងបងប្អូនរបស់គាត់»។
លោកទេសរដ្ឋមន្ដ្រី បន្តទៀតថា ទំនាក់ទំនងសេដ្ឋកិច្ចក៏ល្អ ទំនាក់ទំនងវិស័យទេសចរណ៍ក៏ល្អ ចំនួនភ្ញៀវទេសចរពីសហរដ្ឋអាមេរិកកាន់តែកើនឡើងៗ ជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនងការ ផ្លាស់ប្ដូរនៅនិស្សិតទៅរៀន ប្រទេសទាំងពីរក៏ល្អ។
លោកបានបញ្ជាក់ថា «ខ្ញុំយល់ឃើញថា រាជរដ្ឋាភិបាលរបស់យើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺយើងដើរត្រូវ និងប្រទេសជិតខាង ក៏យើងមានទំនាក់ទំនងល្អ ដើម្បីរកទីផ្សារការងារជូនកូនក្មួយយើង នៅក្រៅប្រទេស ដូចជាសហរដ្ឋមេរិកជាដើម ដែលនាំមកនូវផលប្រយោជន៍ ជូនប្រទេសជាតិរបស់យើង»៕