(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើការពិភាក្សាពីការផ្ដល់រង្វាន់លើកទឹកចិត្ត ដល់កងកម្លាំងប្រដាប់សម្រាប់ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល ៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន។
ពាក់ព័ន្ធយុទ្ធនាការលើកទី១នេះ កម្លាំងសមត្ថកិច្ចចាប់បានគ្រឿងញៀនជាង១១៣គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង៩,០០០នាក់ ហើយត្រូវបានគណៈកម្មការបំផ្លាញគ្រឿងញៀន ដុតបំផា្លញចោលកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ដែលមានគ្រឿងញៀនសរុប ១២៦.៣០គីឡូក្រាមត្រូវបានបំផា្លញ៕