(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យ បានកក្រើកឡើងសារជាថ្មីម្ដងទៀតហើយ ក្នុងឱកាសតាំងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ មហោស្រពសិល្បៈដណ្ដាំ ស្លម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ ម៉ូតសម្លៀកបំពាក់ ប្រពៃណីខ្មែរលើកទី១៧ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៥-០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
តាមការលើកឡើង របស់លោក ហ៊ឹម វិបុលផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ការតាំងពិព័រណ៍នេះ ធ្វើឡើង ដោយមានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម សហការរៀបចំជាមួយនិងក្រុមហ៊ុន សិរីមង្គល និងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមានការចូលរួមឧបត្ថម្ភជាច្រើនទៀត ពីបណ្ដាក្រុមហ៊ុនឯកជន។
លោកបន្ដថា ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងថែរក្សា លើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ទម្រង់អាពាហ៍ពិពារហ៍ សម្លៀកបំពាក់ប្រពៃណីជាតិ ជាមួយនឹងម្ហូបអាហារខ្មែរ ឲ្យកូនចៅជំនាន់ក្រោយៗបានដឹង ពិសេសបង្ហាញដល់ភ្ញៀវអន្ដរជាតិផងដែរ។
ទន្ទឹមនឹងនោះ លោក ទេព សិដ្ឋាន់ណា អគ្គនាយករងក្រុមហ៊ុនសិរីមង្គល បានថ្លែងផងដែរថា «ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុនរបស់យើងបានរៀបចំ ចំនួន៣លើកមកហើយ ដូច្នេះលើកទី៤នេះ យើងនឹងរៀបចំ ឲ្យកាន់តែអស្ចារ្យជាងមុនៗទៅទៀតធានាថាប្លែក គ្រប់ទម្រង់ទំាងអស់ ដោយលើកនេះ យើងបានរៀបចំស្ដង់ ចំនួន ១០៩ លើកទំហំដី៨,៤០០ម៉ែត្រ លើទីតាំងល្អ ក្នុងការទាក់ទាញ ចំណាប់អារម្មណ៍អ្នកទស្សនា ឲ្យបានកាន់តែច្រើន ដែលជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលផ្គត់ផ្គង់ សេវាអាពាហ៍ពិពាហ៍ ឲ្យបានចូលរួមតាំងបង្ហាញដោយផ្ទាល់ពីម៉ូតសម្លៀកបំពាក់ថ្មីៗ ទំនើបពេញនិយម ដើម្បីផ្សព្វផ្សាយពីផលិតផល និងសេវាកម្មដល់អតិថិជនគោលដៅរបស់ខ្លួន»។
គូររម្លឹកផងដែរថា ការតាំងពិព័រណ៍ នៅឆ្នាំនេះ គឺមានការចូលរួមសហការយ៉ាងខ្លាំងនាយកដ្ឋានអភិវឌ្ឍវប្បធម៌ ដើម្បីច្នៃប្រឌិត បង្កើតនូវកម្មវិធីថ្មីៗសម្រាប់តាំងបង្ហាញជូនមហោស្រពសិល្បៈ ដណ្ដាំស្លម្ហូបអាហារ និងការបង្ហាញទម្រង់ម៉ូតសម្លៀកបំពាក់ កសិករផលិតពីក្រមា ការប្រើប្រាស់សម្ភារៈផលិតពីត្នោត និងរបាំកំប្លោកជាដើម។ ដោយឡែកសិរីមង្គល ក៏មានរៀបចំសម្ដែង ពីទម្រង់អាពាហ៍ពិពាហ៍ដែលកម្រៗ ចំនួន៣ គឺ ពិធីចងសំរោង, ពិធីព្រាងកន្ទោង ឬក្រិតនំ, និងពិធីហែជំនូនបែបអ្នកស្រុក ខេត្ដព្រះសីហនុផងដែរ៕