Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS:​ គ.ជ.ប ទុកតំណែងអគ្គលេខាធិការរងឲ្យលោក នី ចរិយា ដដែល តែការអនុញ្ញាតឲ្យចូលធ្វើការវិញឬអត់ មិនទាន់សម្រេច (Video inside)

29-06-2017 21:46

(ភ្នំពេញ)៖ លោក នី ចរិយា ដែលសាលាដំបូងរាជធានីភ្នំពេញ ទើបសម្រេចដោះលែងឲ្យនៅក្រៅឃុំនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ជាមួយមន្រ្តីសមាគមអាដហុក៤រូបទៀតនោះ នៅមានតំណែងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួមទាំងប្រាក់ខែដូចមុនដដែល ប៉ុន្តែការអនុញ្ញាតឲ្យជនត្រូវចោទរូបនេះ ចូលបម្រើការវិញ ឬអត់ គ.ជ.ប មិនទាន់សម្រេចនៅឡើយទេ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។

លោក ហង្ស ពុទ្ធា បានថ្លែងយ៉ាងដូច្នេះថា «គ.ជ.ប កំពុងត្រួតពិនិត្យលើទិដ្ឋភាពច្បាប់នៅឡើយ បើតំណែង គឺទុកយូរណាស់ហើយ ប៉ុន្តែបើការចូលធ្វើការវិញ ឬអត់ យើងអត់ទាន់សម្រេចទេ»

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ដរាបណាតុលាការមិនទាន់កាត់ទោសលោក នី ចរិយា ហើយដីកាតុលាការមិនទាន់ចូលជាស្ថាពរនោះ គ.ជ.ប នៅតែរក្សាតំណែងជាអគ្គលេខាធិការរងទុកឲ្យលោកដដែល ហើយប្រាក់ខែរបស់លោក ក៏នៅតែបើករៀងរាល់ខែជូនទៅក្រុមគ្រួសារជាធម្មតា។

សូមបញ្ជាក់ថា លោក​ នី​ ចរិយា​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និងមាត្រា​៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយ​ឡែក​លោក​ នី​ សុខា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក​ លោក​ យី​ សុខសាន្ត​ អនុ​ប្រធាន​សមាគម​អាដហុក​ លោក​ ណៃ​ រ៉ង់ដា​ អនុ​ប្រធាន​សមាគម​អាដហុក​ និង​លោក​ស្រី​ លឹម​ មុន្នី​ មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក​ ត្រូវ​បាន​​ព្រះ​រាជ​អាជ្ញា​រងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ​ គឹម​ឡុង​ ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ជនត្រូវចោទទាំង៥រូបនេះ ត្រូវ​បាន​តុលាការ​រាជធានីភ្នំពេញ រកឃើញថា​ បាន​បញ្ចុះបញ្ចូល​​លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ដែលបច្ចុប្បន្នជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕