(ភ្នំពេញ)៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសាកល្បង ឃ្លាំងស្តុក និងឡសម្ងួតជាមួយក្រុមហ៊ុនវិនិយោគខេត្តជីលីន នៅក្នុងសន្និសីទសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តជីលីន ដោយមានការចូលរួមពីក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តជីលីង តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជាចិន សមាគមចិននៅកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងអ្នកវិនិយោគចិននិងកម្ពុជា ជាង១៥០នាក់។

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ប្រាប់ អង្គភាព Fresh News ថា គម្រោងនេះ មានបំណងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករ ពិសេសបញ្ហាឃ្លាំងស្តុកនិងឡសម្ងួតដែលជាគន្លឹះដោះស្រាយ ដល់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញ ពិសេសការស្វែងរកទីផ្សារសម្រាប់ស្រូវអង្ករកម្ពុជា។

តែយ៉ាងណាអគ្គលេខាធិការរូបនេះ មិនទាន់អាចបញ្ជាក់ពីទំហំវិនិយោគឃ្លាំងស្តុក និងឡសម្ងួតស្រូវថាមានតម្លៃប៉ុន្មាននោះឡើយ៕