(ភ្នំពេញ)៖ មន្រ្តីអាដហុក និងគ.ជ.ប ចំនួន៥នាក់ ដែលជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្ស៊ី ត្រូវបានដោះលែងចេញពីពន្ទនាគារហើយ នាព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News ឱ្យដឹងថា តុលាការពិតជាបានចេញដីកាដោះលែង ជនសង្ស័យទាំង៥នាក់នេះពិតប្រាកដមែន។
ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានបញ្ជាក់ឱ្យដឹងថា ករណីនេះ គឺជាការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នប៉ុណ្ណោះ ចំណែកនីតិវិធីរបស់តុលាការ នឹងនៅតែបន្តដដែល។ លោកបានបញ្ជាក់ថា សំណុំរឿងរបស់ មន្រ្តីអាដហុក និងគ.ជ.ប ចំនួន៥នាក់ នឹងត្រូវបើកសវនាការជំនុំជម្រះ នៅពេលឆាប់ៗនេះ បើទោះបីជាពួកគេត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំក៏ដោយ។
បន្ទាប់ពីបានដោះលែង នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប បានថ្លែងថា លោក មានទឹកចិត្តសប្បាយ ដោយសារតែបានជួបជុំគ្រួសាររបស់លោកវិញ។ ប៉ុន្តែទោះជាយ៉ាងណា លោក នី ចរិយា សុំមិនធ្វើការអត្ថាធិប្បាយចំពោះមូលហេតុ ដែលនាំឱ្យមានការដោះលែងរូបលោក និងមន្រ្តីអាដហុក៤នាក់ទៀត ដោយថា រឿងនេះគឺជារឿងរបស់តុលាការ។
សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤នាក់ រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ចាងហ្វាងការផ្សាយនៃព្រឹត្តិបត្រ«អ្នកជា»របស់សមាគមអាដហុក, លោក ណៃ វង់ដា អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការ ចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យទាំងនេះ ត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬលួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរវាងនាង ជាមួយនឹង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន។
នៅអំឡុងពេលដោះលែងចេញពីពន្ធនាគារ នាយប់ថ្ងៃព្រហស្បត្តិ៍ មន្រ្តីអាដហុក និងគ.ជ.ប ត្រូវបានទទួលដោយក្រុមគ្រួសាររបស់ពួកគាត់ ហើយបន្ទាប់ពីនោះ ពួកគាត់ត្រូវបាននាំទៅស្រោចទឹករំដោះគ្រោះនៅការិយាល័យរបស់អាដហុក នៅម៉ោង៨៖៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ៕